ស្ទឹងត្រែង ៖ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបានដុតផ្ទះឪពុកម្ដាយខ្លួនឯង ដាក់ក្នុងពន្ធនាគារជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី 28 ខែធ្នូឆ្នាំ 2020។
បុរសដែលដុតផ្ទះខ្លួនឯងឈ្មោះចៅ ឡេងសេង អាយុ 35 ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានចាប់ខ្លួន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតខេត្ត កាលពីថ្ងៃទី 26 ខែធ្នូ។
សូមរំលឹកថា នៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2020 មានអគ្គិភ័យមួយកើតឡើងនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី (ផ្ទះទៀមសង់ផ្ទាល់ដី) ម្ចាស់ផ្ទះឈ្មោះ ម៉ាឡាំ ភេទ ប្រុស អាយុ ៦៦ ឆ្នាំ ប្រពន្ធឈ្មោះ អឿន ស្រីមុំ អាយុ ៣៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិសង្កាត់ កើតហេតុខាងលើបណ្ដាលឱ្យខូចខាត សម្ភារមួយចំនួនដូចជា ទូ ២ និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួន ត្រូវបានឆេះអស់ទាំងស្រុង ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ កូនឈ្មោះ ចៅ ឡេងសេង ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាអ្នកដុតដោយកូននោះ មានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះ ឪពុកម្ដាយមិនបាននៅផ្ទះនៅតែកូនម្នាក់ឯង។ កូនប្រុសម្ចាស់ផ្ទះ ក្រោយពីដុតផ្ទះឪពុកម្ដាយខ្លួនឯងរួចហើយ បានគេចខ្លួន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចតាមចាប់បាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយខាងតុលាការបានសម្រេចចោទប្រកាន់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ៕ រក្សាសិទ្ធិដោយ៖សំណាង