កាលពីពេលកន្លងទៅនេះ មានរឿងរ៉ាវមួយបានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈគេបានឃើញស្ត្រីជាប្រពន្ធម្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានមកក្រាបសំពះថើបដល់បាតជើងប្តី នៅក្នុងប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីបានដឹងខ្លួនខុសធ្ងន់ លួចមានសហាយស្មន់នឹងប្រុសផ្សេង ដែលធ្វើឲ្យប្តីផ្ទុះកំហឹងទាញកាំបិតកាប់ផ្តាច់សង្ខារសហាយ ក្លាយជាអ្នកទោសបែបនេះ។ ស្ត្រីជាប្រពន្ធមានឈ្មោះ Yepi Abmi អាយុ ៣៧ ឆ្នាំ និងប្តីមានឈ្មោះ Rivat Eka Putra អាយុ ៤៣ ឆ្នាំ។
នាង Yepi Abmi បានសារភាពថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះឈ្មោះ Ario Fernando អាយុ ៣៤ ឆ្នាំ ចាប់តាំងពីបានស្គាល់គ្នា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អស់រយៈពេល ៥ ខែ មក។
ម្តាយកូន៣រូបនេះបានរៀបរាប់ឲ្យដឹងថា «ដំបូងពួកយើងបានឆាតនិយាយគ្នាលេងធម្មតា ប៉ុន្តែ លុះក្រោយមកក៏ចាប់ផ្តើមមានចិត្តលើគ្នា និងក៏ឈានណាត់ជួបគ្នាតែម្តង។ ពួកយើងបានមានទំនាក់ទំនងនឹងគ្នាអស់រយៈពេល ៥ ខែ ហើយបានជួបគ្នាយ៉ាងតិច២ដង ក្នុង១សប្តាហ៍»។
ទោះយ៉ាងណា នាង Yepi បានសារភាពថា នាងពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះអ្វីដែលបានធ្វើខុសឆ្គងចំពោះប្តីរបស់នាង និងក៏បានសុំទោសក្រាបសំពះដល់បាតជើងប្តីផងដែរ។ សូមបញ្ជាក់ ហេតុការណ៍អំពើឃាតកម្មដែលបុរសជាប្តី Rivat បានកាប់សម្លាប់សហាយ Ario គឺបានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
Rivat បានប្រាប់ប៉ូលិសថា មុនឃាតកម្មនេះកើតឡើង រូបគាត់តែងបានប្រាប់ជនរងគ្រោះឲ្យចាកចេញឆ្ងាយ និងឈប់មានទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ទៀត។ Rivat បន្តថា គាត់បានបំពាក់ GPS នៅម៉ូតូរបស់ប្រពន្ធ និងតាមទាន់ប្រពន្ធ និងសហាយ នៅហាងខារ៉ាអូខេមួយ ប៉ុន្តែ នៅពេលនោះ គាត់ពុំយកទោសពៃ និងបំភ្លេចចោលរឿងនេះ និងក៏បានស្នើសុំឲ្យពួកគេឈប់ទាក់ទងគ្នា។
ប៉ុន្តែ ទោះយ៉ាងណា អ្វីៗគឺនៅតែកើតឡើងដដែល ហើយដោយអត់ទ្រាំពុំបាននឹងទង្វើផ្គើននេះតទៅទៀតបាន នៅទីបំផុត បុរសជាប្តី Rivat ក៏សម្រេចចិត្តកាប់ទៅលើសហាយប្រពន្ធចំនួន ៣ កាំបិត ដាច់កបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង