Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ធិបតី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ។

  • នៅពេលចាប់ផ្តើម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែល បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា» ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។ សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាពជាប្រជាជាតិ តែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ប្រយោជន៍ដល់វិស័យទេសចរណ៍។
  • សម្តេចធិបតី បានគូសរំលេចទៀតថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ ទាំងក្នុងនិងក្រៅប្រទេស ដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈ បដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។
  • មុនបិទអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា។ ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ សម្តេចធិបតី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
  • សម្តេចធិបតី បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិត មុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោលគឺមានចំនួនប្រមាណ ៦,៧លាននាក់។ សម្តេចធិបតី ក៏បានណែនាំឱ្យ ក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយ សម្តេចធិបតី ចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។
  • សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបាន ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។ ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក៏ សម្តេចធិបតី បន្តក្រើនរំលឹកដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តកិច្ចការងារនេះឱ្យដូច ភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនត្រឹមតែអនុវត្តច្បាប់ទេ តែក៏ត្រូវប្រកាន់យកវិធានការអប់រំ ឱ្យបានច្រើន ដើម្បីបង្ការកុំឱ្យកើតមានបញ្ហាក្មេងទំនើង និងបញ្ហាផ្សេងទៀត។
  • សម្តេចធិបតី បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×