ខេត្តព្រះសីហនុ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃទីប្រាំបី និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា បោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានរៀបចំពិធីជួបជុំបិទការឃោសនាបោះឆ្នោត ជាមួយ បេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត និងសមាជិកគណបក្ស នៅខាងក្រោយសាសាឃុំបិតត្រាំង ដែលមានអ្នកចូលរួមចំនួន ៥៨នាក់។ ដោយឡែក គណបក្សនយោបាយ ៣ ផ្សេងទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនា បោះឆ្នោតឡើយ។
ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមរំលឹកជូនថា ថ្ងៃស្អែកទី២៥ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃស។ គ្រប់សកម្មភាពឃោសនា បោះឆ្នោតទាំងអស់ត្រូវបញ្ឈប់តាមការកំណត់គឺ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត៕ រក្សាសិទ្ធដោយ៖សុទ្ធលី