Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត លក់ទូរសព្ទ iPhone 16Promax ជាង១០គ្រឿង

បន្ទាយមានជ័យ : កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌ ជាមន្រ្តីនគរបាលយុត្តិធម៌ បានចុះធ្វើប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លីម ហោ ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរសព្ទដៃ យីហោ លីម ហោ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មានគណនីយតេលេក្រាម ដែលសរសេរជាអក្សរចិន ដែល ជនជាតិចិនបានឆាតមកប្រព័ន្ធតេឡេក្រាមជនសង្ស័យ មានឈ្មោះ Lim Hao ទូរសព្ទលេខ ០៧១ ៥៣ ៥៣ ១៣០ ដោយសារជនសង្ស័យមិនចេះភាសាចិន ក៏បកប្រែភាសារតាមកម្មវិធី Google Translate ដែលមានន័យថា “មានទទួលទិញទូរសព្ទឬអត់” ពេលនោះជនសង្ស័យបានផ្ញើសារសំឡេងជាភាសារចិនទៅវិញ មានន័យថា “ទូរសព្ទដៃម៉ាកអីគេ” ម្ចាស់តេឡេក្រាមរូបនោះបានតបមកវិញថា មានទូរសព្ទម៉ាកiPhone 16Promax ទំហំ256g មានជាង១០គ្រឿង លក់មួយគ្រឿងក្នុងតម្លៃ១,០០០ដុល្លារ ដោយបញ្ជាក់ប្រាប់ថា ទូរសព្ទនោះប្រភពបានមកពីខាងកាស៊ីណូគេប្រើសល់ទើបចង់លក់។

ក្រោយសន្ទនាចប់ ជនសង្ស័យបានទំនាក់ទំនងទៅដៃគូលក់ទូរសព្ទម្នាក់នៅភ្នំពេញ ដោយប្រាប់ថា មានគេយកទូរសព្ទដៃម៉ាក iPhone 16Promax ទំហំ256g មកលក់ ក្នុង០១គ្រឿងតម្លៃ ១,០០០ដុល្លារ គេក៏ព្រមទិញ។ បន្ទាប់មកជនសង្ស័យក៏បានផ្ញើរកុងធានាគារដែលជនជាតិចិនផ្ញើរមកខ្លួន ទៅដៃគូនៅភ្នំពេញ ហើយទូរទាត់ប្រាក់តាមរយៈគណនី USDT ពេលទូទាត់រួចក៏មានគេយកទូរស័ព្ទមកឱ្យជនសង្ស័យ ក្រោយមកស្រាប់តែមានជនជាតិចិនមានគ្នា៣នាក់ មកប្រាប់ជនសង្ស័យថា បាញ់លុយខុសកុងហើយ ហើយទារយកទូរសព្ទមកវិញ តែជនសង្ស័យថា ទូសព្ទនោះបានផ្ញើរទៅឱ្យដៃគូរ ដែលបាញ់លុយឱ្យនៅភ្នំពេញហើយ។ ពេលនោះដែរជនសង្ស័យបានចូលឆែកមើល តេឡេក្រាមដែលបានទំនាក់ទំនងលក់ទូរស័ព្ទ ស្រាប់តែគេប្លុកលេខចោល។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះមកដល់ហាងទូរសព្ទជនសង្ស័យ បានធ្វើការសម្របសម្រួលនិងបានណាត់ជនសង្ស័យទៅដោះស្រាយនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែជនសង្ស័យយកលេសថារវល់ មិនព្រមជួបដោះស្រាយ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×