ស្ទឹងត្រែង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះអនុវត្តដីការបស់តុលាការខេត្ត ក្នុងសំណុំរឿងវិវាទដីធ្លី ឈានដល់ឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះស្ត្រីម្នាក់ជាម្តាយ និងកូនប្រុស២នាក់ មានផ្ទុកសារធាតុញឿន ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០។
សមត្ថកិច្ចបានបញ្ជាក់ថា ពេលកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តដីការបស់តុលាការខេត្ត ទៅលើស្ត្រីម្នាក់ ក្នុងសំណុំរឿងមួយនោះ ក៏ស្រាប់តែមានកូនប្រុសចំនួន ២ នាក់របស់គាត់ មករារាំងសមត្ថកិច្ចក្នុងការអនុវត្តដីកា ទើបឈានដល់ការឃាត់ខ្លួនមនុស្សដល់ទៅ ៣ នាក់។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ សាយ ស្រីល័ក្ខណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ទៅលើស្ត្រីឈ្មោះក្រឹម អៃសះ អាយុ៤៧ឆ្នាំ ជាកសិករមានទីកន្លែងកំណើត ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នមានទីលំនៅភូមិឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេច របស់តុលាការប្រព្រឹត្តនៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩។
ជនត្រូវចោទរូបនេះ ពុំបានចូលមកបង្ហាញខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់តុលាការទេ។
ពេលសមត្ថកិច្ចចុះអនុវត្តដីកា ស្រាប់តែមានកូនប្រុសចំនួន ២ នាក់មករារាំងសមត្ថកិច្ច ទើបមានការឃាត់ខ្លួន ទី ១ ឈ្មោះហៀត អាមីន ភេទប្រុសអាយុ៣៦ ឆ្នាំ កាន់ប័ណ្ណសារព័ត៌មានអង្គភាពរក្សាសន្តិភាព។ ទី២ ឈ្មោះហៀត ណាអ៊ីន ភេទប្រុស អាយុ៣២ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច ជនពីរនាក់ពិនិត្យទឹកនោម ឃើញថាមានសារធាតុញៀន។ ដោយឡែកស្ត្រីជាម្ដាយ ដែលជាជនត្រូវចោទបានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះ ទាក់ទងនឹងវិវាទដីធ្លី៕ រក្សាសិទ្ធិដោយ៖សំ.ណាង