ស្ទឹងត្រែង៖ស្ត្រី២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូនិងរថយន្តនៅផ្លូវបំបែកជាបួន ក្បែរផ្ទះពេទ្យភាពភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង វេលាម៉ោង ៤ ល្ងាចថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១។
តាមរបាយការណ៍ប៉ូលិសបានបញ្ជាក់ថា រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សស្រី៤ នាក់ ស្លាប់និងរបួស ក្នុងនោះស្លាប់២ នាក់ របួសធ្ងន់២នាក់។ ម៉ូតូខូចខាតម៉ូតូមួយគ្រឿងរថយន្តមួយគ្រឿង។
គ្រោះថ្នាក់នេះរថយន្តធុនតូចពណ៍ខៀវ គ្មានផ្លាកលេខ មានទិសដៅពីទិសខាងកើតទៅខាងលិច អ្នករួមដំណើរបីនាក់(ប្រុស)។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណប័ណ្ណ បានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅផ្លាកលេខស្ទឹងត្រែង 1C-9208 បើកបរពីទិសត្បូងទៅខាងជើង មានអ្នករួមដំណើរបួននាក់(ស្រី)។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សស្រី ២ នាក់ បានស្លាប់ គឺអ្នកបើកបរម៉ូតូឈ្មោះស្រីឡៃ៣១ឆ្នាំ។ បច្ចុប្បន្នមានទីលំនៅភូមិជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(ស្លាប់)។ ទី២ ឈ្មោះចិត្ត កុចនីម អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ (ស្លាប់)។ អ្នករួមដំណើររងរបួសធ្ងន់២នាក់ ទី១ ឈ្មោះសួន សុខុម អាយុ ៣១ ឆ្នាំ។ ទី២ ឈ្មោះរីដា ណេង អាយុ១៧ឆ្នាំ។ អ្នករបួសធ្ងន់ មានទីលំនៅបច្ចុប្បន្នភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការពិនិត្យសន្និដ្ឋាននៅកន្លែងកើតហេតុ ឃើញថា អ្នកបើកបរម៉ូតូឈ្មោះស្រី ឡៃ បានល្មើសច្បាប់ចរាចរណ៍ ដោយបើកបរមិនគោរពសិទ្ធិអាទិភាព នៅផ្លូវធំផ្ទុកមនុស្សលើសចំនួនកំណត់។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានល្មើសច្បាប់ចរាចរណ៍ ។ ក្រោយគ្រោះថ្នាក់បានរត់គេចខ្លួន។
ក្រោយកើតហេតុរថយន្តនិងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកនៅក្នុងស្នងការដ្ឋានខេត្តស្ទឹងត្រែង ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕រក្សាសិទ្ធិដោយ៖ណាង