ក្រចេះ៖ រថយន្តសាំយ៉ុងច្នៃដឹកឈើប្រភេទគ្រឿងផ្ទះប្រមាណជា 20 ម៉ែត្រគុប ចេញពីតំបន់ព្រៃឡង់ ឆ្លងតាមខេត្តក្រចេះឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប ប៉ុន្តែបែរជាឈ្មួញលើគ្នាតតាំងប្រឆាំងទៅលើសមត្ថកិច្ចវិញ។ ករណីនេះបានកើតឡើងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១។
ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញមួយក្រុមដឹកឈើគ្មានច្បាប់ទម្លាប់ ចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តឆ្លងកាត់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទៅលក់នៅទីផ្សារគោលដៅ។
អ្នកសារព័ត៌មានមួយក្រុម បានចុះទៅផ្ដិតរូបភាពនៅភូមិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងបានរាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះទៅបង្ក្រាបរថយន្តច្នៃដឹកឈើទាំងពីរគ្រឿងខាងលើនោះ ក៏ប៉ុន្តែឈ្មួញលើកគ្នាជាច្រើននាក់ មកជេរប្រមាថគំរាមទៅលើសមត្ថកិច្ច។ ឃើញស្ថានភាពមិនស្រួល សមត្ថកិច្ចនិងអ្នកសារព័ត៌មាន ក៏បានដកថយទៅវិញ។
ប្រភពរាយការណ៍បានឲ្យដឹងទៀតថា ឈ្មួញមួយក្រុមទាំងនោះ បានប្រើអំណាចអ្នកធំ នៅក្នុងខេត្តត្បូងឃ្មុំ មកជេរប្រមាថគំរាមដោយពាក្យសំដីបន្លាចសមត្ថកិច្ច ពេលចុះទៅបង្ក្រាបរថយន្តដឹកឈើខុសច្បាប់៕ រក្សាសិទ្ធិដោយ៖សំណាង