តាម Daily star មូលដ្ឋាន Camp Century បានផ្អាកសកម្មភាពតាំងឆ្នាំ ១៩៦៧ ហើយក៏ត្រូវផ្ទាំងព្រិលទឹកកកបង្កប់ចោលនៅតំបន់ Greenland នៃរាជាណាចក្រដាណឺម៉ាក ក្នុងអំឡុងសង្គ្រាមត្រជាក់កំពុងពេញបន្ទុក។
ច្រកចូលមូលដ្ឋានកំាជ្រួចនុយក្លេអ៊ែដ៏សម្ងាត់បំផុត របស់អាមេរិក ជំនាន់សង្គ្រាមត្រជាក់
កងទ័ពអាមេរិកធ្លាប់បានប្រើប្រាស់មូលដ្ឋានដ៏សម្ងាត់នេះដើម្បីត្រៀមធ្វើការវាយប្រហារនុយក្លេអ៊ែលើអតីតសហភាពសូវៀត ព្រោះថា តំបន់នេះមានចម្ងាយពីទឹកដីរុស្ស៊ី ប្រហែលប្រមាណរយគីឡូម៉ែត្រប៉ុណ្ណោះ។
មូលដ្ឋានសម្ងាត់នេះ ត្រូវបានគេហៅថា “ទីក្រុងក្រោមទឹកកក” ស្ថិតនៅចម្ងាយពីឆ្នេរសមុទ្រ Greenland ប្រមាណ ២០០គីឡូម៉ែត្រ និងមានវត្តមានទាហានប្រចាំការ ២០០នាក់ រស់នៅក្រោមបណ្តាញរូងផ្លូវក្រោមដី ដែលមានប្រវែង ៣គីឡូម៉ែត្រ។
ពលទាហានទាំងនោះមានកន្លែងរស់នៅផ្សេង ហើយនៅទីនោះក៏មានហាងលក់ទំនិញ មន្ទីរពេទ្យ ព្រះវិហារ ព្រមទាំងរោងកុនផងដែរ។
ប៉ុន្តែដល់ឆ្នាំ ១៩៦៧ Camp Century បានត្រូវបោះបង់ចោលព្រោះតែអ្នកជំនាញការអាមេរិកបារម្ភពីស្រទាប់ទឹកកកដែលហ៊ុមព័ទ្ធជុំវិញនោះពុំមានស្ថិរភាពតទៅទៀត។
ក្រុមវិស្វករក៏បានព្យាករណ៍ពីលទ្ធភាពមូលដ្ឋាននេះអាចបាក់ស្រុត ហើយពលទាហានក៏បង្ខំត្រូវជំលៀសចេញផុតពីតំបន់នោះ។
បណ្តាឧបករណ៍បរិក្ខារសំខាន់ៗ ត្រូវបានរើរុះចេញ ប៉ុន្តែបណ្តាផ្នែករឹងមាំជាច្រើន នៃមូលដ្ឋាននេះ នៅរក្សាទុកទីនោះដដែល។ ក្នុងនោះក៏មានកាកសំណល់ជីវគីមីសាស្ត្រ និងវិទ្យុសកម្ម។
មូលដ្ឋាន Camp Century បានលេចរូបរាងចេញ ហើយអាចបញ្ចេញកាកសំណល់គីមីពុលរាប់ម៉ឺនលីត្រ ព្រមទាំងសាយភាយសារធាតុវិទ្យុសកម្មចូលក្នុងបរិយាកាស។
អាមេរិកធ្លាប់សង្ឃឹមថា មូលដ្ឋាននេះអាចស្ថិតនៅក្រោមផ្ទាំងទឹកកកជារៀងរហូត ដោយរួមទាំងសារធាតុពុលដ៏ធំសម្បើម។ ប៉ុន្តែបាតុភូតឡើងកម្តៅរបស់ផែនដីជាហេតុធ្វើឲ្យទឹកកករលាយបន្តិចម្តងៗ ស្របជាមួយការលេចចេញមូលដ្ឋាននេះនៅកណ្តាលវាល។ គួរកត់សម្គាល់ថា ក្រោយពេលត្រូវបានស្ថាបនានៅឆ្នាំ ១៩៥៩ មូលដ្ឋាននេះស្ថិតនៅក្រោមស្រទាប់ទឹកកកកម្រាស់ប្រមាណ ៨ម៉ែត្រ ។ ប្រមាណ ៥០ឆ្នាំក្រោយ ស្រទាប់ទឹកកក បានសង្កត់ពន្លិចមូលដ្ឋាននុយក្លេអ៊ែរបស់អាមេរិកនេះ ចុះដល់ជម្រៅ ៣៥ម៉ែត្រ។
បណ្តាបាតុភូតទឹកកករលាយ អាស្រ័យដោយបម្រែបម្រួលធាតុអាកាសអាចបណ្តាលឲ្យប្រេងម៉ាសូត ២០០ពាន់លីត្រ សំណល់វិទ្យុសកម្ម និងគីមីមានហានិភ័យសាយភាយទៅក្នុងបរិយាកាស អ្នកជំនាញការ Colgan បាននិយាយថា ៖ តាមការស្រាវជ្រាវរបស់យើងខ្ញុំ មូលដ្ឋានសម្ងាត់បំផុតនេះរបស់អាមេរិក និងបង្ហាញវត្តមានទាំងស្រុងនៅកណ្តាលវាលក្នុងឆ្នាំ ២០៩០។ វាជារឿងមួយពុំអាចចៀសវាងបាន៕ សូយន