Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើបាតុកម្ម យករូបសម្តេចតេជោមកដុត សម្តេចតាមវ៉ៃដល់ផ្ទះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកតវ៉ាទាំងឡាយណា ដែលដុតរូបសម្តេចមិនថាពួកគេនៅក្រៅ ឬនៅក្នុងប្រទេសឡើយ។ សម្តេចថា អ្នកដែលតវ៉ារូបណា ដែលដុតរូបសម្តេចនឹងចាត់ការតាមច្បាប់និងថាតាមដល់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ថា អ្នកតវ៉ាប្រឆាំងសម្តេចនៅក្រៅប្រទេសមានប្រមាណ ១០ភាគរយប៉ុណ្ណោះ ពោលមានចំនួនតិចជាងអ្នកដែលគាំទ្រសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសថា ចលនាសង្រ្គោះជាតិរបស់ទណ្ឌិត សម រង្ស៊ី គឺជាអង្គការភេរវកម្ម ដែលមានបំណងបំផ្លាញជាតិ។

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានថា នឹងតាមវ៉ៃដល់ផ្ទះតែម្តង ចំពោះអ្នកមានផែនការធ្វើបាតុកម្មប្រឆាំងសម្តេចពេលទៅប្រទេសអូស្ត្រាលី នាពេលខាងមុខបើសិនជាអ្នកទាំងនោះ ហ៊ានដុតរូបសម្តេច ឬដុតទីងមោងដោយដាក់រូបសម្តេចពេលធ្វើបាតុកម្ម។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានអតីតសកម្មជនគាំទ្រដល់អតីតគណបក្សសង្រ្គោះជាតិមួយចំនួន បន្តគំរាមធ្វើបាតុកម្មប្រឆាំងនឹងសម្តេច អំឡុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី នាពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “សុំផ្តាំទៅអ្នកត្រៀមធ្វើបាតុកម្ម មុខរបស់លោកឯង ត្រូវចាំជាកិត្តិយសនៃរដ្ឋាភិបាលរបស់លោកឯង។ ប៉ុន្តែនេះជាសេរីភាព របស់អ្នកឯង ប៉ុន្តែកុំភ្លេចថា ខ្ញុំក៏មានប្រជាជនគាំទ្ររាប់រយនាក់នៅទីនោះដែរ​។ ជានិច្ចកាលខ្ញុំទៅប្រទេសណាក៏ដោយ អ្នកធ្វើបាតុកម្មមានត្រឹមតែ១០ភាគរយ នៃអ្នកដែលមកជួបខ្ញុំតែប៉ុណ្ណោះ។ អាអ្នកធ្វើបាតុកម្មស្រែកឡូឡានៅខាងក្រៅវាតិច ប៉ុន្តែអ្នកដែលមកជួបស្វាគមន៍ ហើយសុំសែលហ្វីល វាច្រើនជាង”។ “ប៉ុន្តែសូមផ្តាំទៅកុំដុតរូបឱ្យសោះ បើដុតរូបអញតាមដល់ផ្ទះ អញប្រាប់ឱ្យហើយ”។

សម្តេចបានថ្លែងថា ប្រជាជនកម្ពុជាបានផ្សារភ្ជាប់នឹងអបិយជំនឿ ដូច្នេះគេមិនអនុញ្ញាតឱ្យមានការដុតរូប ឬទីងមោងនោះទេ។ ការដុតរូបរបស់គេ គឺប្រៀបដូចជាដុតគេដែរ។

សម្តេចតេជោ បាន ថ្លែងថា “ចលនាសង្រ្គោះជាតិស្អីគេហ្នឹង ឃើញ១វ៉ៃ១ ឃើញ២វ៉ៃ២ ព្រោះនេះជាអង្គការភេរវកម្ម អង្គការខុសច្បាប់ដែលខ្ញុំហៅថា ជាអង្គការភេរវកម្ម”៕ ដោយ៖បញ្ញាស័ក្តិ

×