Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សំណុំរឿង​របស់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​៦០​នាក់ នឹងត្រូវ​បន្ត​សវនាការ​ទៅ​ថ្ងៃទី​២៨ ខែមករា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​មករា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​សួរ​ឆ្លើយ​ទៅលើ​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​៦០​នាក់​នៅក្នុង​សំណុំរឿង​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​។ សវនាការ​នៅ​ព្រឹក​នេះ មាន​អ្នកការពារ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​សម្តែង​កង្វល់​ចំពោះ​សវនាការ​លើ​មនុស្ស​ច្រើន​នាក់​នេះ​ដោយ​ថា ការទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នេះ សមាជិកគ្រួសារ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចាប់ខ្លួន​ជាង​២០​នាក់ និង​អ្នកគាំទ្រ​ប្រមាណ​៥០​នាក់​ទៀត បាន​ប្រមូល​ផ្តុំគ្នា នៅ​ទីតាំង​៣​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​បង្ហាញ​ការគាំទ្រ ដល់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតក្នុង​សវនាការ​អង្គសេចក្ដី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ “​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​។

​ក្រុម​ទីមួយ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទិស​ខាងត្បូង​ឈាង​ខាងកើត​នៃ​ផ្លូវ​មុន្នី​រ៉េត ចម្ងាយ​១​គីឡូម៉ែត្រ​ពី​តុលាការ ហើយ​ក្រុមទី​ពីរបាន​ប្រមូលផ្ដុំ​នៅ​ខាងក្នុង​ជិត​របង​ស្តា​ត​អូឡាំពិក និង​ក្រុមទី​បី​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងជើង​នៃ​តុលាការ​។
​អាជ្ញាធរ​ជាច្រើន​រួមមាន​ទាំង​ប៉ូលីស និង​សន្តិសុខ​ខណ្ឌ ត្រូវបាន​ដាក់ពង្រាយ​នៅ​ជុំវិញ​តំបន់​នោះ​។
​ក្រុមអ្នកតវ៉ា​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឈរ​នៅក្បែរ​តុលាការ​ឡើយ ដោយ​អាជ្ញាធរ​បាន​ដេញ​ពួកគេ​ចេញ រហូតដល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​បាន​រារាំង​ឱ្យនៅ​ទីនោះ​។

​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​របស់​ម​.​ស​.​ម​.​ក ក៏ត្រូវ​បាន​ដេញចេញ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​តុលាការ រហូតដល់​ម៉ោង​១០​ព្រឹក ដោយ​ឱ្យ​ពួកគេ​ឃ្លាំមើល​បានតែ​ពីរ​បង​ពហុ​កីឡដ្ឋាន​។ អាជ្ញាធរ​បាន​ចាប់ខ្លួន លោក​ម៉ុក សំអាន ដែលជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ នៃ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

​សវនាការ​នឹងត្រូវ​បន្តទៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​។​

​លើសពីនេះ តុលាការ​កំពូល​ថ្ងៃនេះ បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្តឹង សុំ​នៅក្រៅ​ឃុំ​របស់​សមាជិក​ពីររូប​នៃ​ក្រុម​ខ្មែរ​ថាវរៈ គឺ​លោក ហ៊ុន វណ្ណៈ និង​កញ្ញា ឈឿន ដា​រ៉ាវី​។ តុលាការ​នឹង​ប្រកាស​សាលដីកា​របស់​ពួកគេ​នៅ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១​។​

​មុន​សវនាការ​នេះ​មួយថ្ងៃ​នេះ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានបង្ហាញ​នូវ​កង្វល់​អំពី​ការជំនុំជម្រះ​ក្តី ដែល​លោកស្រី​ចាត់ទុកថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នេះ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោកស្រី​រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា សវនាការ​នេះ នឹង​ធ្វើឱ្យ​សិទ្ធិ​បុគ្គល​របស់​ពួកគេ ក្នុង​ការទទួល​បានកា​រ​ជំនុំ​ជម្រះក្តី​ប្រកបដោយ​យុត្តិធម៌​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​។​

​លោកស្រី​រ៉ូ​ណា ស្មី​ត បានស្នើ​យ៉ាងទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ក្តី​ប្រកបដោយ​យុត្តិធម៌​ដល់​បុគ្គល​ទាំងនេះ និង​បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ដល់​ការវិលត្រឡប់​របស់​ពួកគេ និង​អនុញ្ញាតឱ្យ​ពួកគេ​ចូលរួម​សវនាការ និង​ការពារ​ក្តី​របស់ខ្លួន​នៅក្នុង​តុលាការ​។ លោកស្រី​រ៉ូ​ណា ស្មី ចង់ឱ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ឱ្យមាន​ការចូលរួម​សវនាការ​ពី​ចម្ងាយ​ដល់​ពួកគេ ឬ​ពន្យារ​ការជំនុំជម្រះ​រហូត​ដល់​ជនជាប់ចោទ​អាចធ្វើ​ដំណើរ​មក​កម្ពុជា​បាន​៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×