ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា (JBAC) បើកកិច្ចសន្ទនាលើកទី៤ ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយនូវបញ្ហា និងសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ និងការបំពេញបែបបទគយ។
កិច្ចសន្ទនានេះនា ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នៅបន្ទប់ប្រជុំអគ្គនាយកគយដ្ឋាននិងរដ្ឋាករគយកម្ពុជាជាន់ទី១៨ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគរ និងមានការចូលរួមដោយតំណាង JBAC ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស (JETRO) និងមន្ត្រីគយនិងរដ្ឋាករមួយចំនួនផងដែរ។
ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោក KANDA Yogo ប្រធាន JBAC បានថ្លែងអំណរគុណដល់ អគរ ដែលបានរៀបចំកិច្ចសន្ទនានេះឡើង ដោយអនុវត្តវិធានការអនាម័យ និងរក្សាគម្លាត ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ និងបានធ្វើការកត់សម្គាល់ពីវិធានការកែលម្អនានាដែល អគរ បានដាក់ចេញ។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងថារដ្ឋបាលគយកម្ពុជា ស្រដៀងគ្នានឹងរដ្ឋបាលគយនៃប្រទេសនានាលើពិភពលោកដែរ បាននិងកំពុងអនុវត្តនូវតួនាទីនិងភារកិច្ចគន្លឹះរបស់ខ្លួនចំនួន ៣ រួមមាន (១)ការងារប្រមូលចំណូលពន្ធអាករគយ (២)ការបង្ការនិងបង្ក្រាបបទល្មើសគយ និង (៣)ការផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិ និងតាមបទប្បញ្ញត្តិជាតិជាធរមាន។ អគរ តែង តែខិតខំរក្សាឲ្យបាននូវតុល្យភាពគ្នារវាងការអនុវត្តច្បាប់ ជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឱ្យ ធុរជនអាចទទួលបាននូវភាពងាយស្រួលក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ទន្ទឹមគ្នាដែលរដ្ឋបាលគយអាចគ្រប់គ្រង បាននូវអនុលោមភាពរបស់ធុរជនផងដែរ។
នាឱកាសនេះ អង្គប្រជុំបានលើកឡើងអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២។ បច្ចុប្បន្ន ក្រសួងស្ថាប័នដែលបានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរួមមាន ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វិទ្យាស្ថានជាតិស្តង់ដារ) និងក្រសួងសុខាភិបាល ។ ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់បានចូលរួមអនុវត្តនៅឡើយ។ ទន្ទឹមនេះ អង្គប្រជុំក៏បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធវិធានការកំណែទម្រង់ និងការធ្វើសាមញ្ញកម្មនីតិវិធីគយសំខាន់ៗមួយចំនួនដែល អគរ បានដាក់ចេញ ស្របតាមកម្មវិធីកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ការសិក្សារយៈពេលបញ្ចេញទំនិញពីគយ, សេចក្តីណែនាំអនុវត្តវិធានការគ្រប់គ្រងការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន, ការកែសម្រួលនីតិវិធីគយ,ការកាត់បន្ថយតម្រូវការឯកសារភ្ជាប់សម្រាប់បំពេញបែបបទគយ, ការលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់, ការធ្វើបច្ចុប្បន្នភាពកម្មវិធីកាត់បន្ថយពន្ធគយក្នុងក្របខណ្ឌពាណិជ្ជកម្មសេរី FTA និងការផ្សព្វផ្សាយលិខិតបទដ្ឋាន នានាពាក់ព័ន្ធនឹងការងារគយលើគេហទំព័រ, ការកែលម្អមុខងារ E-Payment ។ អគរ បាននិងកំពុងធ្វើការជាមួយអ្នកជំនាញរបស់ UNCTAD ក្រោមគម្រោងជំនួយរបស់ ARISE Plus ក្នុងការធ្វើវិសិដ្ឋកម្មប្រព័ន្ធអាស៊ីគូដា ទៅជំនាន់ចុងក្រោយ ដើម្បីអាចពង្រីកមុខងារបន្ថែមទៀត ក្នុងនោះ មានមុខងារដែលអាចទទួលយកឯកសារទម្រង់អេឡិចត្រូនិកបាន និងធ្វើការជាមួយ អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរៀបចំគម្រោង Business Process Reengineering ព្រមទាំងសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់និងបទប្បញ្ញត្តិស្តីពីគយ។
បន្ទាប់មក កិច្ចសន្ទនាបានពិនិត្យពិភាក្សាលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ពាក់ព័ន្ធនឹងការអនុវត្តមុខងារស្នើសុំលិខិតអនុញ្ញាតគយតាមប្រព័ន្ធបញ្ជរតែមួយជាតិ, លិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់, កាត់បន្ថយឯកសារភ្ជាប់ក្នុងទម្រង់ក្រដាស, ការកាត់បន្ថយអត្រាពន្ធគយ និងអាករពិសេសលើមុខទំនិញប្រេងរំអិល,ការកកស្ទះនៅមាត់ច្រកព្រំដែនបាវិត មាត់ច្រកព្រំដែនប៉ោយប៉ែត មាត់ច្រកព្រំដែនព្រៃវល្លិ, ការអនុវត្តនីតិវិធីពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស,ការអនុវត្តគោលការណ៍មកមុន ពិនិត្យមុន “First come, first serve”, និង ការរក្សាទុកឯកសារ បញ្ជីគណនេយ្យ កំណត់ត្រា និងព័ត៌មានផ្សេងទៀត ជាដើម។ កិច្ចសន្ទនានេះ បានដោះស្រាយបញ្ហានិងសំណូមពរស្ទើរទាំងស្រុង។
ជាមួយគ្នានេះ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JICA) ក៏បានជម្រាបអង្គប្រជុំពីគម្រោងជំនួយសំខាន់ៗរបស់ខ្លួននាពេលបច្ចុប្បន្ន រួមមាន ១.ការសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរទំនិញនិងអ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ ១ តំបន់មាត់ច្រកបាវិត-ម៉ុកបៃ ២.ការបកប្រែបទប្បញ្ញត្តិគយជាភាសាអង់គ្លេស ដើម្បីដាក់ផ្សព្វផ្សាយក្នុងគេហទំព័រគយ និង ៣. ការអនុវត្តសាកល្បងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនៅតាមកំពង់ផែ និងច្រកទ្វារព្រំដែនសំខាន់ៗ។
អគរ និងតំណាង JICA, JBAC, JETRO ក៏បានប្តេជ្ញាចិត្តថា នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ