Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ស្នើសុំសម្តេចប្រធានរដ្ឋសភា គំាទ្រគោលនយោបាយអាស៊ីខាងត្បូងរបស់ខ្លួន

នៅពេលចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា​ណាចក្រកម្ពុជា លោក អូ ណាក់យ៉ុង (Oh Nak-Young) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំានៅកម្ពុជា បានស្នើសុំសម្តេចប្រធានរដ្ឋសភាជួយគំាទ្រ និង ជំរុញគោលនយោបាយថ្មីរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចំពោះតំបន់អាស៊ីខាងត្បូង។

លោក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។ នៅក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនសម្តេចថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចែអ៊ីន បានដាក់ចេញនូវគោល នយោបាយកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង ដែលសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េជាមួយបណ្តាប្រទេសអាស៊ី-អាគ្នេយ៍។ កិច្ចសហប្រតិបត្តិ ការនេះ មិនសំដៅត្រឹមតែការរឹតចំណងការទូតនោះទេ តែសំដៅដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនថែមទៀត។

លោក ឯកអគ្គរដ្ឋទូតបានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតំាងពីយូរមកហើយ បានរីកចម្រើនគួរឲ្យកត់សម្គាល់នា រយៈពេលចុងក្រោយនេះ។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ បានបង្កើតសហគមន៍ជាច្រើនក្នុងប្រទេសកូរ៉េ ចំណែកសហគមន៍ប្រជាជនកូរ៉េនៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនជាលំដាប់ដែរ។ “ចំណងមិត្តភាពរវាងប្រទេសនិងប្រទេស។ ចំណងមិត្តភាពរវាង ប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ គឺជាលក្ខណៈសម្បត្តិសមគួរណាស់ក្នុងការអនុវត្តគោលនយោបាយអាស៊ីខាងត្បូង។ យើងខ្ញុំស្នើសុំសម្តេច ជួយជំរុញកិច្ចការនេះ” នេះជាប្រសាសន៍របស់ ឯកឧត្តម អូ ណាក់យ៉ុង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម អូ ណាក់យ៉ុង នៅកម្ពុជា។ បេសកកម្មនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ) មានការរីកចម្រើនគួរឲ្យកត់សំគាល់លើគ្រប់វិស័យ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយឥត សំណង កម្ចីឥណទានសម្បទាន ដែលគំរោងនានាជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទ ជាដើម។ ក្រៅពីនេះ សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារការងារដ៏ធំសម្រាប់ពលករកម្ពុជា។ “ខ្ញុំសង្ឃឹមថា តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ លោក នឹងបន្តខិតខំ លើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ បន្តបង្កើនចំនួនកូតាចំពោះពលករកម្ពុជាកាន់តែច្រើនថែមទៀត” ។

លោក អូ ណាក់យ៉ុង បានគំាទ្រប្រសាសន៍សម្តេចប្រធានរដ្ឋសភា ហើយបានសន្យាថា នឹងខិតខំអនុវត្តន៍តាមសំណើរបស់សម្តេច។ លោក បាន បន្តថា អ្វីដែលសម្តេចបានស្នើឡើង គឺសុទ្ធសឹងស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយអាស៊ីខាងត្បូងរបស់កូរ៉េ។ ជាមួយគ្នានេះ លោក សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងកូរ៉េ កាន់តែពង្រឹងពង្រីកថែមទៀតនាពេលអនាគត ពិសេសនៅក្រោយការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ហើយនោះ៕ ដោយ៖បញ្ញាស័ក្តិ

×