Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះ​មហាក្សត្រី​សព្វព្រះរាជហឫទ័យ​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ក្នុង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​និង​យាង​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​"​សួន​មិត្តភាព​កម្ពុជា​-​ចិន​"

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី ១៤ ខែ មករា​ពិធី​កាត់​ខ្សែបូ​សម្ពោធ​"​សួន​មិត្តភាព​កម្ពុជា​-​ចិន​"​ត្រូវបាន​រៀបចំឡើង​យ៉ាង​អ​ធឹ​ក​អធម​បំផុត​ក្នុង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ដែលមាន​ទីតាំង​#156 លើ​មហាវិថី​ម៉ៅ​សេទុង រាជធានី​ភ្នំពេញ​។ តប​តាម​សេចក្តី​ថ្វាយបង្គំ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល បាន​សព្វព្រះរាជហឫទ័យ​ស្តេចយាង​កាត់​ខ្សែបូ​សម្ពោធ​"​សួន​មិត្តភាព​កម្ពុជា​-​ចិន​"​ជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ព្រះបរមរាជវាំង​នៃ​កម្ពុជា លោកស្រី Zuo Wenxing ទីប្រឹក្សា​កិច្ចការ​នយោបាយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ទូត​ជាច្រើនរូប​ទៀត​មាន​វត្តមាន​ក្នុង​ពិធី​សម្ពោធ​ខាងលើ​។ មុនពេល​ចាប់ផ្តើម​នៃ​ពិធី​ខាងលើ សម្តេចព្រះ​មហាក្សត្រី​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់​។​

​សម្តេចព្រះ​មហាក្សត្រី មាន​ព្រះបន្ទូល​ថា ទ្រង់មាន​ក្តី​សោមនស្ស​រីករាយ​ជា​ពន់ពេក​ដែល​បាន​តប​តាម​សេចក្តី​ថ្វាយបង្គំ​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន ដើម្បី​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ខាងលើនេះ​។ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ព្រះអង្គ​ផ្ទាល់​ជា​មិត្ត​ចាស់ មិត្ត​ល្អ នៃ​ប្រជាជន​ចិន​។ ហើយ​ព្រះអង្គ​មាន​ក្តីរំភើប​ជា​ពន់ពេក​ដែល ឯកឧត្តម ប្រធានាធិបតី​ចិន Xi Jinping បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ទ្រង់​។ មហា​កិត្តិយស​នេះ មិន​ត្រឹមតែ​ជា​របស់​ព្រះអង្គ​នោះទេ ក៏​គឺជា​មហា​កិត្តិយស​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​។ ថ្ងៃនេះ​ព្រះអង្គ​ក៏មាន​ក្តីរំភើប​ជាខ្លាំង​ក្រោយពី​បាន​ទត​ឃើញ​ដើម​ស្វាយ​ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​”​ព្រះ​បរម​រតន​កោដ្ឋ​” និង​ព្រះអង្គ​ផ្ទាល់​ជូន​ចំពោះ​ស្ថានទូត​ចិន​មានការ​ដុះ​លូតលាស់​ល្អ​បែកមែក​សាខា​លាស់​ស្លឹក​ខៀវខ្ចី និង​សម្បូរ​ទៅដោយ​ផ្លែផ្កា​ជាច្រើន​អនេក​។ ព្រះអង្គ​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ស្ថានទូត​គ្រប់​ជំនាន់​ដែល​បាន​ចូលរួម​មើលថែរក្សា​ដើម​ស្វាយ​ទាំងពីរ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត ហើយ​ទ្រង់​នឹង​បន្ត​លើកកម្ពស់​មិត្តភាព​ចិន​និង​កម្ពុជា​កាន់តែ​ជ្រាលជ្រៅ​ថែម​មួយកម្រិត​ទៀត​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន បាន​តំណាង​ឲ្យ​មន្ត្រី​គ្រប់រូប​ក្នុង​ស្ថានទូត​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល សម្តេចព្រះ​មហាក្សត្រី​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​ដើម្បី​យាង​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ខាងលើ​ដែល​បានរៀបចំ​ឡើង​ក្នុង​ស្ថានទូត​ចិន ហើយ​ឯកឧត្តម​ក៏បាន​ថ្វាយព្រះពរ​ជាថ្មី​ម្តងទៀត​ក្នុងឱកាស​ព្រះអង្គ​ទទួលបាន​គ្រឿង​ឥស្សរិយយស មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងពេល​ថ្មីៗ​នេះ​។ ឯកឧត្តម​បាន​បន្តទៀតថា កាលពី​ឆ្នាំ ១៩៦៧ សម្តេច​”​ព្រះ​បរម​រតន​កោដ្ឋ​” និង​សម្តេចព្រះ​មហាក្សត្រី បាន​សព្វ​ព្រះ​ហឫទ័យ​ប្រោស​ព្រះរាជទាន​កូនដើម​ស្វាយ​ចំនួន ២ ដើម​។ ឆ្លងកាត់​រយៈពេល​ជាង ៥០ ឆ្នាំ​កន្លងមកនេះ ដើម​ស្វាយ​ទាំងពីរ​ដើម​បាន​រីក​ធំធាត់​បែកមែក​លាស់​ស្លឹក​ល្អ​។ ប្រៀប​ដូច​មិត្តភាព​ចិន​និង​កម្ពុជា ឆ្លងកាត់​ការសាកល្បង​នៃ​ភាពប្រែប្រួល​របស់​ពេលវេលា​និង​ស្ថា​ភាព​អន្តរជាតិ​កន្លងមកនេះ តែ​មិត្តភាព​មួយ​នេះ​នៅតែ​អភិវឌ្ឍន៍​រឹតតែ​រឹងមាំ​ខ្លាំងក្លា​។​

​ឯកឧត្តម​មានប្រសាសន៍​ថា "​អ្នក​ជំនាន់​មុន​ដាំ​ដើមឈើ អ្នកជំនាន់ក្រោយ​ទទួលបាន​ម្លប់​" នេះ​ក៏​ដូច​ជាមួយនឹង​មិត្តភាព​ចិន​និង​កម្ពុជា ដែល​ស្ថិតក្រោម​ការ​បីបាច់​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពីស​ម្តេច​"​ព្រះ​បរម​រតន​កោដ្ឋ​"​និង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ប្រទេស​ទាំងពីរ​ទើប​អាច​ក្លាយជា​"​មិត្ត​ដែកថែប​"​និង​សហគមន៍​ជោគវាសនា​រួម​ដូច​សព្វថ្ងៃនេះ​។ ចិន​មាន​សុភាសិត​មួយ​តែង​ពោលថា​"​ផឹកទឹក​មិន​បំភ្លេច​អ្នក​ជីក​អណ្ដូង​"​ដើម្បី​ជា​សេចក្ដី​នឹករឭក​និង​ជា​អនុស្សាវរីយ៍​ដ៏​ប្រពៃ​សម្រាប់​ព្រះរាជ​សកម្មភាព​ដ៏​ឧដុង្គឧត្តម​ក្នុងការ​បីបាច់​ថែរក្សា​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​នេះ ក៏ដូចជា​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ក្នុងការ​ស្វែងយល់​បន្ថែម​និង​បន្ត​អភិវឌ្ឍន៍​មិត្តភាព​មួយ​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ ស្ថានទូត​ចិន​បាន​ប្រសិទ្ធ​នាម​ដល់​សួនច្បារ​ដែលមាន​ដើម​ស្វាយ​ទាំងពីរ​ដើម​នេះ​ថា​"​សួន​មិត្តភាព​កម្ពុជា​-​ចិន​"​។ ថ្ងៃនេះ ស្ថិតក្រោម​ព្រះរាជ​វត្តមាន​ដ៏​ឧដុង្គឧត្តម​បំផុត​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី​ក្នុង​ពិធី​សម្ពោធ​ខាងលើនេះ នឹងធ្វើ​ឲ្យ​សួន​មិត្តភាព​មួយ​នេះ​បង្កប់​នូវ​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ថែម​មួយកម្រិត​ទៀត​។ ហើយ​ស្ថានទូត​ចិន​នឹង​បន្ត​ថែរក្សា​ដើម​ស្វាយ​ទាំងពីរ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត និង​ខិតខំ​បីបាច់​បណ្ដុះ​ពន្លក​ថ្មីៗ​ជាច្រើន​ទៀត ដើម្បីអោយ​ដើម​ស្វាយ​ដែលជា​និមិត្តរូប​នៃ​មិត្តភាព​ចិន​និង​កម្ពុជា រីកលូតលាស់​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×