Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន​៤ និង​គម្រោង​អភិវឌ្ឍន៍​ជាង​២០០ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​

ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្ត​កែប បាន​​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​របស់ខ្លួន នៅក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ ដោយបាន​ចងក្រង​ជា “​សេចក្ដីព្រាង​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប” មួយ​ឡើង ក្នុងនោះ​គម្រោង​​បង្កើត​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៤ និង​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៥១ គម្រោង ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​សេចក្តីព្រាង​ផែនការ​មេនេះ​។​

​បន្ទាប់ពី​ចងក្រង​បាន​ឯកសារ​ព្រាង​នេះ​រួចហើយ គណៈកម្មការ​អន្តរក្រសួង​ក៏បាន​បើក​កិច្ចប្រជុំ​មួយ​ឡើង ដើម្បី​ត្រួតពិនិត្យ ពិភាក្សា និង​ផ្ដល់​ធាតុ​ចូល​បន្ថែម ទៅក្នុង​សេចក្តីព្រាង​ផែនការ​មេនេះ​។ កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​អង្គប្រជុំ​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ឱ្យ​ខេត្ត​កែប​ក្លាយជា «​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​» ដោយ​គិត​ទៅលើ​ភាព​ទាក់ទាញ ភាព​ប្រកួតប្រជែង​នៅក្នុង​តំបន់ និង​ពិភពលោក ពិសេស​គឺ​ត្រូវ​ធានា​ឱ្យបាន​នូវ​សមភាព សមធម៌ តម្លាភាព ចីរភាព និង​នវានុវត្តន៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​អាចជួយ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ទាំង​នៅក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ក៏ដូចជា​ក្នុងដំណាក់កាល​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ផងដែរ​។​

អង្គប្រជុំ​បានបង្ហាញ​យុទ្ធសាស្ត្រ​គោល​ចំនួន ៩ នៅក្នុង​ឯកសារ​ព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ រួមមាន​៖

១៖ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ខេត្ត​កែប​
២៖ យុទ្ធសាស្ត្រ​វិនិយោគ និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍​ខេត្ត​កែប​
៣៖ យុទ្ធសាស្ត្រ​ពង្រឹងគុណភាព និង​សុ​វត្តិភាព​ទេសចរណ៍​
៤៖ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​
៥៖ យុទ្ធសាស្ត្រ​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ខេត្ត​កែប​
៦៖ យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ពាក់ព័ន្ធ​នានា គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៧៖ យុទ្ធសាស្ត្រ​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៨៖ យុទ្ធសាស្ត្រ​អភិវឌ្ឍ​នវានុវត្តន៍​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​
៩៖ យុទ្ធសាស្ត្រ​ពង្រឹង​អភិបាលកិច្ច ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​

​នៅក្នុង​យុទ្ធសាស្ត្រ​គោល​ទាំង ៩ ខាងលើនេះ គឺមាន​យុទ្ធសាស្ត្រ​លម្អិត​ចំនួន ៤៩ យុទ្ធសាស្ត្រ​ទៀត ដោយ​បែង​ចែកជា ៩៨ សកម្មភាព ស្មើនឹង ២៥១ គម្រោង​។​

​ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​នេះ បាន​ថ្លែងថា គណៈកម្មការ​អន្តរក្រសួង​បានកំណត់​យក​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​ចំនួន ៤ សម្រាប់​ខេត្ត​កែប​នេះ ក្នុងនោះ​រួមមាន​ទីក្រុង​កែប​បច្ចុប្បន្ន តំបន់​អង្កោល តំបន់ភ្នំ​វល្លិ និង​តំបន់​ប្រជុំ​កោះ​។​

​ឯកឧត្តម​បាន​បន្តថា ដោយសារ​ខេត្ត​កែប​គឺជា​ខេត្ត​ទី​២ បន្ទាប់ពី​ខេត្តកំពត​ដែល​អាច​ផលិត​អំបិល ហើយ​ផលិតផល​អំបិល​នេះ​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេសជាតិ ទើប​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ចក្ខុវិស័យ​ការពារ​តំបន់​ស្រែអំបិល និង​ជំរុញឱ្យមាន​ការផលិត​អំបិល​ឱ្យបាន​កាន់តែ​ច្រើនឡើង​។ សម្រាប់​ផែនការ​មេនេះ​នឹង​ប​ម្លែ​ង​គោលដៅ​នៅ​តំបន់​ស្រែអំបិល ទៅជា​គោលដៅ​ក​សិ​ទេសចរណ៍​ស្រែអំបិល ក្នុងនោះ​ក៏មាន​ការ​​បង្កើតឱ្យមាន​ជា​សារៈមន្ទីរ​ស្រែអំបិល ដើម្បី​បង្ហាញ​ទៅដល់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​បាន​ស្គាល់​អំពី​ចង្វាក់​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​។​

​ក្រៅពីនេះ នៅមាន​គម្រោង​កែលម្អ​បន្ថែម​នៅតាម​បណ្ដោយ​ឆ្នេរកែប​ដែលមាន​ស្រាប់​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​កែលម្អ​ឆ្នេរ​អង្កោល​ឱ្យមាន​ភាព​ប្រណីត​ទាក់ទាញ និង​មាន​ឆ្នេរ​ថ្មី​មួយទៀត​ដែលមាន​​លាតសន្ធឹង​ចាប់ពី​ខាងកើត​ផ្សារ​ក្ដាម ទៅដល់​តំបន់​ព្រៃកោងកាង​អូរ​ក្រសា ដោយ​ឆ្នេរ​ថ្មី​ជា​តំបន់​ទឹក​រាក់ ហើយ​មិនមាន​ជីវចម្រុះ​នោះទេ ដូច្នេះ​គេ​គ្រោង​នឹង​កែលម្អ​តំបន់ឆ្នេរ​កន្លែង​នេះ​មួយទៀត ពីព្រោះ​នៅ​​ពេល​មាន​បុណ្យទាន​ម្ដងៗ ភ្ញៀវទេសចរ​ប្រមូលគ្នា​ច្រើនតែ​នៅតាម​ឆ្នេរកែប​បច្ចុប្បន្ន ដូច្នេះ​គេ​ត្រូវធ្វើ​ពិពិធ​កម្ម​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ ដើម្បី​កុំឱ្យ​ដាក់​សម្ពាធ​តែម​កលើ​តំបន់ឆ្នេរ​លិច​ទឹក​មួយ​នេះ​។​

​ក្រៅពី​កែលម្អ​តំបន់ឆ្នេរ​ទាំងបី​នេះហើយ ក៏​នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដូចជា ការពង្រីក​ផលិតផល​កីឡា​ទេសចរណ៍​កម្រិត​អន្តរជាតិ សារៈមន្ទីរ​សង្គ្រាម​ទេស​ចរណ៍ ការរៀបចំ​ឱ្យមាន​ដំណើរ​ទៅ​ទស្សនា​នៅតាម​ប្រជុំ​កោះ (​ខេត្ត​កែប​មាន​កោះ​សរុប​ចំនួន ១៣ កោះ​) ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ​សម្បូរបែប ដូចជា ផ្កាថ្ម ផ្សោត​សមុទ្រ ជ្រូក​ទឹក មច្ឆា​ជាតិ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត ការបង្កើតឱ្យមាន​ផ្សារ​ទំនើប​ខ្នាតតូច (Mart) ផ្សារ​រាត្រី វិថី​ម្ហូបអាហារ (Food Street) និង​ត​ភ្ជាប់​ទេសចរណ៍​ផ្លូវទឹក​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត​មក​ខេត្ត​កែប ក៏ដូចជា​ការបង្កើត​ពិធីបុណ្យ និង​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ជាដើម​។​

​បន្ទាប់ពី​បានធ្វើការ​ពិភាក្សា​យ៉ាង​ផុលផុស គណៈកម្មការ​អន្តរក្រសួង​បាន​អបអរ​សារ​ទរ និង​គាំទ្រ​ទៅលើ​​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ដោយមាន​ការបំពេញបន្ថែម​នូវ​ធាតុ​ចូល​មួយចំនួន​។ អង្គ​ប្រជុំបាន​ឯកភាពគ្នា​នឹង​បន្ត​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​សេចក្ដីព្រាង​ផែនការ​​មេនេះ​ម្ដងទៀត នៅ​ខែមីនា ឆ្នាំ​២០២១ ខាងមុខ មុននឹង​ដាក់​ឆ្លង​ទៅកាន់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×