Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​ចំនួន​៨៨ សូម​សម្ដែង​ការសោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់​និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ចំនួន​៣​នាក់​

​ភ្នំពេញ​៖ ក្រុម​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​ចំនួន​៨៨ សូម​សម្ដែង​ការសោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់​និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ចំនួន​៣​នាក់ ក៏ដូចជា​ការចោទប្រកាន់​ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ជាង​៥០​នាក់​ទៀត កាលពីពេល​ថ្មីៗ​កន្លងមកនេះ និង​សូម​ស្នើ​សុំឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យមាន​សេរីភាព​វិញ ។​

​បើតាម​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៤​មករា បាន​ឲ្យ​ដឹងថា លោក ផុន សុផល តំណាង​សហគមន៍​ដីធ្លី​ឃុំ​ជាំ​ក្រវៀន ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន នៅ​ច្រក ផ្លូវ​ចូលទៅ​ក្រុមហ៊ុន ឃី ជឿ ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​លោក​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២០ ជាមួយ សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដែល​ប្រារព្ធ​ឡើង​នៅ​សហគមន៍​ថ្ម​ធំ​ព្រែក​ត្របែក ភូមិ​អណ្តូង​ត្របែក ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​តាមរយៈ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៣ ចុះ​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត អំពើ​បង្ក​ឲ្យ​មាន​ភាព វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម ក្នុងភូមិ​សាស្ត្រ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២២ ខែសីហា ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។ លោក​ក៏​ត្រូវបាន​នាំខ្លួន​ពី​ខេត្ត​ព្រះសីហនុ មក​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ កាលពី រសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​ដល់​ក្រុមគ្រួសារ​របស់គាត់​ឱ្យស្រប​ទៅតាម នីតិវិធី​ឡើយ ។ ក្រោយមក​ទើប​ក្រុមគ្រួសារ​បានដឹង​ព័ត៌មាន​តាមរយៈ មន្ត្រី​ពន្ធនាគារ​បានធ្វើ​ការទា​ក់​ទង ទៅ​ពួកគាត់ ។ តាម​ការចោទប្រកាន់​នេះ​លោក ផុន សុផល អាច​ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ ចំនួន​ពី​៦​ខែ ទៅ​២​ឆ្នាំ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក ផុន សុផល ជា​តំណាង​សហគមន៍​ដីធ្លី​ជាំ​ក្រវៀន ខេត្ត​ត្បូងឃ្មុំ តែងតែ​ធ្វើ​សកម្មភាព ក្នុង​ការជួយ ជ្រោមជ្រែង​ការពារ​សិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​តែងតែ​ឈឺឆ្អាល​ចូលរួម​តស៊ូ​មតិ​ដោយ​សន្តិ វិធី ពី​បញ្ហា​អយុត្តិធម៌​សង្គម និង​ព្រឹត្តិ​កាណ៍​សង្គម​នានា ស្របតាម​ច្បាប់​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ។​

​ក្រៅពីនេះ តំណាង​សហគមន៍​២​នាក់​នៅ​សហគមន៍​ស្រែប្រាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​សមាជិក​សហ​គម​ន៍​របស់​ពួកគាត់​ជាង​៣០​នាក់​ផ្សេងទៀត​ត្រូវបាន រង​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន ដោយ​សារភាព​សកម្មរ​បស់​អ្នក​ទាំងនោះ​ក្នុងការ​ព្យាយាម​ការពារ​ដីធ្លី​សហគមន៍ របស់​ពួកគាត់ ។ ក្នុងនោះ​មាន លោក សែម សាង ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែតុលា ឆ្នាំ​២០១៩ និង​លោក សឿន ស៊ី​នាត ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០២០ ។ អ្នក​ទាំងពីរ ត្រូវបាន​ប្រឈម នឹង​បទ​ចោទ​ជាច្រើន ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​មួយ​រវាង ក្រុមហ៊ុន​ចិន​ចំការកៅស៊ូ ហា​ម៉ឺ​នី វីន អ៊ិន​វេស​មេន និង​សហគមន៍​មួយចំនួន​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​

​នៅ​ខេត្តកោះកុង​ឯណោះ​វិញ មាន​តំណាង​សហគមន៍​ដីធ្លី​ចំនួន ១៣​នាក់ ត្រូវបាន​សាលាដំបូង ខេត្តកោះកុង​ចោទប្រកាន់​ពី បទ​បរិហារ​បង្កាច់​កេរ្តិ៍​” “​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​” និង “​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ តាម​បញ្ញត្តិ មាត្រា​៣១១ មាត្រា​៣១២ មាត្រា ៤៩៤​និង​មាត្រា​៤៩៥ និង​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ ដោយសារ​ការប្រើប្រាស់​សិ​ទ្ធិ​សេរី​ភាពជា​មូលដ្ឋាន​ក្នុងការ​ការពារ​ដីធ្លី​របស់​ពួកគាត់​។​

​តាម​ការឃ្លាំមើល​លើ​បញ្ហា​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មួយរយៈ​ចុងក្រោយ​នេះ ក្រុម​សង្គម​ស៊ីវិល​ទាំងអស់គ្នា​ជា​អង្គការ សមាគម សហជីព និង​សហគមន៍ សង្កេតឃើញថា មានការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់ អាជ្ញាធរ និង​ការចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ជាច្រើន​ដោយ​ចោទប្រកាន់​ពី បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម និង​បទល្មើស​ផ្សេង ទៀត ។ ការចាប់ និង​ឃុំខ្លួន លោក ផុន សុផល លោក សឿន ស៊ី​នាត លោក សែម សាង ជា​តំណាង​សហ គម​ន៍​ដីធ្លី អ្នកស្រី អេង វ៉ាន់ (​តាម​សាលដីការ​តុលាការ​កំពូល​)​ជា​សកម្មជន​ដីធ្លី​ដ៏​ឆ្នើម គឺជា​ការគំរាមកំហែង ដោយផ្ទាល់ និង​ប្រយោល ចំពោះ​សហគមន៍​ដីធ្លី​ទូទាំងប្រទេស ព្រោះ​ពួកគាត់​តែងតែ​ជួយ​ការពារ​សិទ្ធិ ពលរដ្ឋ​ក្នុង​សហគមន៍ និង​ចូលរួម​កិច្ចការ​សង្គម​យ៉ាងសកម្ម​ជាច្រើន​នាពេល​កន្លងមកនេះ តែ​បែរជា​ត្រូវ បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ទាំង​ដែល​សិទ្ធិ​ទាំងនេះ​ត្រូវបាន​ធានា​ដោយ រដ្ឋ ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​ជាច្រើន​ទៀត ដែល​មិនគួរ ត្រូវបាន​ប្រឈម​នឹង​ការភ័យខ្លាច​ចំពោះ​ការចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច ក៏ដូចជា​ការជាប់​ពន្ធ​នាគារ​ជា ច្រើន​ឆ្នាំ​នោះទេ ។​

​ក្រុម​សង្គម​ស៊ីវិល​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​គោរព​កាតព្វកិច្ច​របស់ខ្លួន ដើម្បី​ធានា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ។ ក្រុម​សង្គម​ស៊ីវិល​ក៏​សង្ឃឹម​ផងដែរ​ថា សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​សាលាដំបូង​ខេត្តកោះកុង នឹង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ទាំងអស់ ព្រមទាំង​ដោះលែង​តំណាង​សហគមន៍​ទាំង​៣​នាក់​គឺ លោក ផុន សុផល លោក ហ៊ី​ន ស៊ី​នាត និង លោក សែម សាង ដែល​កំពុង​ជាប់ឃុំ ឱ្យមាន​សេរីភាព​វិញ ដើម្បី​បាន​ជួបជុំ​ក្រុមគ្រួសារ និង​បម្រើ ការងារ សង្គម​ក្នុងពេល​ដ៏​ឆាប់​នាពេលខាងមុខ​នេះ​វិញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×