សៀមរាប៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅទីតាំងថ្មី ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។
ឯកឧត្តម អភិបាលខេត្តបានថ្លែងថានៅក្នុងបរិបទកូវីដនេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាផ្នែកមួយដ៏សំខាន់ជួយឱ្យវិស័យពាណិជ្ជកម្មនិងកសិកម្មក្នុងខេត្តនៅតែមានដំណើរការល្អ និងបានធ្វើការសម្របសម្របសម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ ដែលប្រការនេះ គឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត ។
ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងតែរាតត្បាតនៅទូទាំងពិភពលោកអាជ្ញាធរខេត្តសៀមរាបបានធ្វើការជម្រុញផលិតកម្មដំណាំស្រូវ និងបន្លែនៅតាមទីតាំង និងតំបន់ដែលមានសក្តានុពល និងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេលខ្លី ដោយផ្តល់នូវពូជ ចំណី និងវ៉ាក់សាំង ព្រមទាំងបច្ចេកទេសនៃការចិញ្ចឹម ជាពិសេសបានជំរុញនូវផ្នែកវារីវប្បកម្ម ដែលឆាប់ទទួលបានផល ដោយធ្វើការគាំទ្រផ្តល់ពូជត្រី និងចំណីព្រមទាំង បច្ចេកទេសនៃការចិញ្ចឹមផងដែរ។ ទន្ទឹមនឹងនេះខេត្តសៀមរាបក៏កំពុងតែមមាញឹកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនេះ ហើយនៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះស្ថាបនារួចរាល់ និងជួយលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ