ស្ទឹងត្រែង៖ ក្រុមមន្ត្រីនៅព្រឹកថ្ងៃទី 14 ខែមករាឆ្នាំ 2021នេះបានចុះទៅសិក្សាបាញ់ថ្នាំគំនូសជាសញ្ញាសម្គាល់ដើម្បីពង្រីកផ្លូវភ្លោះគ្រោងនឹងរៀបចំសួនច្បារនៅកណ្ដាលផ្លូវចូលក្រុងស្ទឹងត្រែងឱ្យមានសោភ័ណភាពទាក់ទាញ។
សព្វថ្ងៃនេះផ្លូវកាន់តែរួមតូចដោយសារប្រជាពលរដ្ឋបានសង់លំនៅដ្ឋានរំលោភលើចំណីផ្លូវសាធារណៈធ្វើឱ្យបាត់បង់សោភ័ណភាពក្រុងដោយមិនមានរបៀបរៀបរយទាល់តែសោះ។ដោះស្រាយបញ្ហាកាន់តែរីកធំរដ្ឋបាលខេត្តស្ទឹងត្រែងមានគម្រោងស្ថាបនាផ្លូវដាក់លូនិងមានសួនច្បារនៅចំកណ្ដាលដាក់បង្គោលភ្លើងបំភ្លឺសងខាងផ្លូវព្រោងព្រាត។
លោកម៉ែននគុងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថាក្រុមមន្ត្រីកំពុងចាប់ផ្ដើមចុះសិក្សាស្ថាបនាផ្លូវចាស់ឡើងវិញ(ផ្លូវចូលក្រុង)ដែលមានចម្ងាយប្រមាណ១ពាន់ 800 ម៉ែត្រភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 9 ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។គេគ្រោងនឹងពង្រីកផ្លូវភ្លោះសងខាងឲ្យបាន20 ម៉ែត្រទទឹងមានទាំងសួនច្បារនៅចំកណ្ដាល។មានដាក់អំពូលភ្លើងបំភ្លឺពេលយប់នៅសងខាងផ្លូវទៀតផង។
អ្នកនាំពាក្យសាលាខេត្តបានប្រាប់ឲ្យដឹងទៀតថាជាដំបូងចុះសិក្សាហើយពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋដែលមានផ្ទះតយាបលើចំណីផ្លូវឲ្យគាត់រុះរើចេញ។បន្ទាប់មកមន្ទីរជំនាញរៀបចំកាយប្រព័ន្ធលូដាក់សារជាថ្មី។
លោកម៉ែនគុងបានបញ្ជាក់ទៀតថាកញ្ចប់ថវិកាសម្រាប់ឆ្នាំ 2020 ចុងឆ្នាំនេះយើងបន្ថែមមានចម្ងាយត្រឹម 200 ម៉ែត្រ។រួចចាប់ផ្ដើមដាក់ប្រព័ន្ធលូផ្លូវបន្តទៀតនៅក្នុងគម្រោងចំណាយឆ្នាំ 2021។
អ្នកលក់ដូរនំបញ្ចុកនៅម្ដុំកងចក្រនិងតូបលក់កាហ្វេបានលើកឡើងថាការអភិវឌ្ឍខេត្តមានការប៉ះពាល់ទៅលើអ្នកតយាបលក់ដូរជាច្រើនកន្លែង។ពួកគាត់នឹងសម្រេចចិត្តរុះរើចេញដោយខ្លួនឯងដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាពក្រុងស្ទឹងត្រែង៕រក្សាសិទ្ធិ ដោយ៖សំណាង