កំពង់ស្ពឺ៖ សងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញផ្សាយព័ត៌មានថា នៅស្រុកភ្នំស្រួច ឃុំដំបូករូង មានករណី សត្វ ក្របី មួយក្បាលរត់ដេញវ័ត្ដប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រាច វេលាម៉ោង ០៦និង៣០នាទីព្រឹក ថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១នេះ ។
តាមការបញ្ជាក់ ពីម្ចាស់សត្វក្របី ឈ្មោះ ផូ លាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល១ក្បាល ពីខេត្ដកោះកុង ដើម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន៤ថៃ្ង ស្រាប់តែក្របីនេះ មានសភាពកាចសាហាវដេញជល់ដេញវ័ត្ដគេឯង ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជាម្ចាស់ដែលបានដាក់ស្មៅឲ្យវាក៏ត្រូវវាជល់ផងដែរ ។
បច្ចុប្បន្ន ក្របីមួយក្បាលនេះវាបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរដល់សមត្ថកិច្ចមេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេស ជំនាញសត្វព្រៃជួយចាប់និងអាចឈានទៅសម្លាប់ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះ អាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ