ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រលប់មកពីប្រទេសថៃ ឯកឧត្តមហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង។
ដោយស្ថានភាពនៃការឆ្លងជំងឺកូវីដ ១៩ បានបន្តកើនឡើងខ្ពស់ ក្នុងចំណោមបងប្អូនពលករ ដែលធ្វើដំណើរត្រលប់មកពីប្រទេសថៃតាមព្រំដែនគោក រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី បាន និងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងស្ថានការណ៍យ៉ាងម៉ឺងម៉ាត់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាថា បងប្អូនដែលបានចូលមកត្រូវបានធ្វើតេស្ត៍ និងធ្វើចត្តាឡីស័កត្រឹមត្រូវ។
ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងថា ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងនេះឱ្យបានទទួលជោគជ័យ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តការការពារខ្លួន កុំមានការធ្វេសប្រហែស និងស្តាប់តាមការណែនាំរបស់ក្រសួង ក៏ដូចជាអាជ្ញាធរមានសម្ថកិច្ច។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរ មេត្តាបង្កើនការយកចិត្តទុកដាក់ និងបន្តផ្សព្វផ្សាយដល់បងប្អូននៅតាមមូលដ្ឋានពីហានិភ័យ និងវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ ១៩ នេះដើម្បីបញ្ចៀសបានទាំងស្រុងនូវការឆ្លងរាលដាលក្នុងសហគមន៍។ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះ! ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ