អ្នកស្រាវជ្រាវជនជាតិម៉ាឡេស៊ីបានបង្កើតវិធីសាស្ត្រក្នុងការបំលែងជាតិសរសៃ ដែលមាននៅក្នុងស្លឹកម្នាស់ ដែលជារឿយៗត្រូវបានគេបោះចោល ឲ្យទៅជាវត្ថុធាតុប្រើប្រាស់បានយូរដែលអាចត្រូវបានប្រើដើម្បីសាងសង់ស៊ុមសម្រាប់ដ្រូន។
ប្រធានគម្រោងនេះ គឺសាស្ត្រាចារ្យ Mohamed Thariq Hameed Sultan មកពីសាកលវិទ្យាល័យ Putra Malaysia ។ ក្រុមរបស់គាត់បានព្យាយាមបង្កើតសម្ភារៈប្រកបដោយនិរន្តរភាពពីស្លឹកម្នាស់ នៅក្នុងតំបន់ហូលូឡាត ដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួ។
សាស្ត្រាចារ្យ Mohamed Thariq បានប្រាប់អ្នកយកព័ត៌មានរ៉យទ័រនៅក្នុងសិក្ខាសាលាមួយថា៖
«យើងកំពុងបង្វែរស្លឹកម្នាស់ទៅជាសរសៃអំបោះ ដែលអាចត្រូវបានប្រើសម្រាប់កម្មវិធីអវកាស ដែលបង្កើតបានជាយន្តហោះដ្រូន»។
លោក Mohamed Thariq បាននិយាយថា យន្តហោះដ្រូនផលិតចេញពីវត្ថុធាតុដើមជីវសាស្ត្រ មានសមាមាត្រកម្លាំង និងទំងន់ ខ្ពស់ជាងយន្តហោះដ្រូនផលិតពីសរសៃសំយោគ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកវាក៏ថោកជាង ស្រាលជាង ហើយងាយបោះចោលទៅវិញផងដែរ។
ប្រសិនបើយន្តហោះដ្រូនខូច នោះតួរបស់វាអាចត្រូវបានកប់នៅក្នុងដី ហើយវានឹងរលួយបន្តិចម្តងៗ ក្នុងរយៈពេលពីរសប្តាហ៍។ លោកសាស្ត្រាចារ្យបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកគំរូនេះ អាចហោះហើរបានកម្ពស់ប្រហែល ១០០០ ម៉ែត្រ ហើយអាចសំចតនៅលើអាកាសបានប្រហែល ២០ នាទី ជាប់ៗគ្នា។
ទីបំផុត ក្រុមរបស់លោកសង្ឃឹមថា នឹងបង្កើតយន្តហោះដ្រូនធំមួយ ដើម្បីផ្ទុកបន្ទុកកាន់តែច្រើន រួមទាំងឧបករណ៍ចាប់សញ្ញារូបភាព សម្រាប់ផលិតកម្មកសិកម្ម និងការគ្រប់គ្រងពីលើអាកាស។
លោក William Robert Alvisse មកពីសមាគមន៍បរិក្ខារ Drone របស់ម៉ាឡេស៊ី បាននិយាយថា “តួនាទីរបស់យើងនៅទីនេះ គឺដើម្បីធ្វើឱ្យកសិកម្ម និងកសិករមានភាពងាយស្រួលក្នុងការបង្កើនផលិតភាព”។
ដូចដែលបានដឹងហើយ ស្លឹកម្នាស់ត្រូវបានយកបោះចោល បន្ទាប់ពីប្រមូលផលម្តងក្នុងមួយឆ្នាំ។ តែទោះយ៉ាងណា កសិករសង្ឃឹមថាគម្រោងដ្រូននេះ នឹងជួយជំរុញការច្នៃប្រឌិតបន្ថែមទៀត ដើម្បីរកវិធីប្រើប្រាស់កាកសំណល់ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង