កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានបញ្ចេញវីដេអូពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងក្នុងពិធីជប់លៀងចូលឆ្នាំសកល កាលពីយប់ថ្ងៃទី២៤ ខែមករា បង្កការភ្ញាក់ផ្អើល ដល់មនុស្សជាច្រើន។
យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញមនុស្សមួយក្រុមធំ កំពុងអង្គុយហូបចុកផឹកស៊ីយ៉ាងសប្បាយ នៅក្នុងទីធ្លាផ្ទះនាពេលរាត្រី។ ភ្លាមៗនោះ យុវជនម្នាក់ក៏ត្រូវបានឃើញចេញទៅសួនច្បារ ដើម្បីបាញ់កាំជ្រួច។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីផ្ទុះបានបន្តិចបន្តួច ស្រាប់តែកាំជ្រួចបានផ្ទុះរាលដាលបន្តបន្ទាប់ ដែលហាក់ដូចជាគួរឲ្យគ្រោះថ្នាក់ណាស់។ ពិតជារន្ធត់ណាស់ ជំនួសឱ្យការហោះហើរទៅលើអាកាស កាំជ្រួចទាំងនោះ ត្រប់ជាបានផ្ទុះគ្រប់ទិសទី និងថែមទាំងហោះតម្រង់រកកន្លែងដែលមនុស្សអង្គុយញ៉ាំអាហារនៅក្នុងទីធ្លាទៀតផង។
ដំបូងឡើយ មនុស្សគ្រប់គ្នាបានអង្គុយមើលយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែក្រោយមក ដោយសារការបាញ់កាំជ្រួចបានផ្ទុះរីករាលដាលកាន់តែខ្លាំងឡើងៗ ជាហេតុធ្វើឲ្យពួកគេប្រញាប់ប្រញាល់ក្រោកឡើងយ៉ាងលឿន ហើយរត់គេចចេញទាំងព្រលឹងចុងសក់។
ខណៈពេលនោះ បុរសម្នាក់ក៏ត្រូវបានឃើញនាំយកកូនតូចចូលក្នុងផ្ទះ ដើម្បីគេចពីកាំជ្រួច ខណៈនៅខាងក្រៅ កាំជ្រួចបានបន្តផ្ទុះបាចបាចនៅគ្រប់ទីកន្លែងយ៉ាងសាហាវ។
ហេតុការណ៍នឹកស្មានមិនដល់នេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិត មានការភ្ញាក់ផ្អើលជាខ្លាំង។ តែសំណាងហើយ ដែលមនុស្សទាំងអស់នោះ ត្រូវបានគេរាយការណ៍ថាមិនមាននរណាម្នាក់រងរបួសនោះទេ៕