Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ស្ត្រី​ម្នាក់ នាំ​ក្មេង​ម្នាក់​អាយុ​៧​ឆ្នាំ ចេញពី​សាលារៀន បន្លំ​លួច​ដោះ​ខ្សែក និង​ខ្សែដៃ​ប្លា​ទីន​ទំងន់ ៣​ជី​

​កណ្តាល​៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា ជា​ចោរ​ស្ត្រី​ម្នាក់​ដែល​លួច​បន្លំ​នាំ​ក្មេង​សិស្សសាលា​ម្នាក់​អាយុ​៧​ឆ្នាំ ចេញពី​សាលាបឋមសិក្សា​តា​ម៉ា​កុរ​ស្មី​សាមគ្គី នាំទៅ​ផ្សារ​តាខ្មៅ ហើយ​បន្លំ​លួច​ដោះ​ខ្សែក និង​ខ្សែដៃ​ប្លា​ទីន​ទំងន់ ៣​ជី មក​ផ្ដន្ទាទោស​តាមច្បាប់​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ជម្រាបជូន​សាធារណជន ចំពោះ​ការផ្សាយ​របស់ facebook page ឈ្មោះ Kamsan Chet ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២១ ដកស្រង់​ចេញពី​គណនី​ហ្វេ​ស​បុក​ឈ្មោះ Ven Phannith មាន​ខ្លឹមសារ​ថា «​នេះ​វីដេអូ​ចោរ​ស្រី វា​ចាប់​កូន​ខ្ញុំ​ទៅ​ចោល​នៅ​ផ្សារ​តាខ្មៅ មុនដំបូង​វា​នាំ​កូន​ខ្ញុំ​ថា​ទៅ​ទិញ​អីវ៉ាន់ បន្ទាប់មក​វា​ក៏​យក​ម៉ូតូ​មក​ឌុប​កូន​ខ្ញុំ​ទៅ វាយ​កកូន​ខ្ញុំ​ទៅ​ទុក​ចាល​នៅ​តាខ្មៅ វា​ជិះ​ម៉ូតូ​កូន​ទា ពណ៌​ក្រហម មើល​ផ្លាកលេខ​មិន​ច្បាស់ ហើយ​សំណាង​បាន​បងស្រី​ម្នាក់​ឃើញ​ហើយ​ជូន​មក​ដា​ក់នៅ​សាលា​បឋម​តាខ្មៅ ហើយក៍​បាន​នាយក​សាលា​បឋម​តាខ្មៅ សួរនាំ ហើយក៍​ជូន​មកដល់​សាលា​ស្វាយ​រលំ​វិញ វា​ចាប់​កូន​ខ្ញុំ​នៅ​ម៉ោង 9:41am 13.01.2021 ជួយ​ស៊ែ​រកមុខ​វា​ផង​»​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោក​អធិការនគរបាល​ក្រុង​តាខ្មៅ ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​ជាបន្ទាន់​។ ជា​លទ្ធផល​អធិការនគរបាល​ក្រុង​តាខ្មៅ បានបញ្ជាក់​ឱ្យដឹងថា​៖ ជា​អំពើ​លួច កើតហេតុ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៩​និង​៤១​នាទី នៅ​ចំណុច​សាលាបឋមសិក្សា​តា​ម៉ា​កុរ​ស្មី​សាមគ្គី ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ ១​នាក់ ភេទ​ស្រី មិន​ស្គាល់​អត្តសញ្ញាណ ពាក់អាវ​ពណ៌​ក្រហម ជិះ​ម៉ូតូ​កូន​ទា​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វិ​រៈ សុ​ផា​យុ ភេទ​ប្រុស អាយុ ៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១ នៃ​សាលាបឋមសិក្សា​តា​ម៉ា​កុរ​ស្មី មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទ្រព្យសម្បត្តិ​បាត់បង់ មាន​ខ្សែក និង​ខ្សែដៃ​ប្លា​ទីន​ទំងន់ ៣​ជី​។​

​នគរបាល​ក្រុង​តាខ្មៅ បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​៖ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ កំពុង​ចេញលេង​នៅក្នុង​បរិវេណ​សាលា ស្រាប់​តែមាន​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កូន​ទា ចូលមក​ចុះ​ដើរចូល​ទៅជិត​ជនរងគ្រោះ​ហើយ​និយាយថា “​ម៉ាក់​ឱ្យមក​យក​” ជនរងគ្រោះ​មិន​ចង់ទៅ​ទេ តែ​ជនសង្ស័យ​បាន​និយាយថា “​ទៅជា​មួយ​មីង​ទិញ​អីវ៉ាន់​ឱ្យ​អូន​លេង​” ជនរងគ្រោះ ក៏​ទៅជា​មួយ​ហើយក៏​ដឹក​ដៃ​លើកដាក់​ម៉ូតូ​ពី​ខាងមុខ ហើយ​ជិះ​ចេញមក​ទិស​ខាងជើង ។ ពេលមកដល់​ការដ្ឋាន​ខ្សាច់ ស្ថិតនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ជនសង្ស័យ​បាន​និយាយថា “​ឈប់​ដោះ​ខ្សែក និង​ខ្សែដៃ​សិន ខ្លាច​ចោរលួច​” ក្រោយពី​ដោះ​រួច​ក៏​បន្តដំណើរ​មកទៀត ។
​ពេល​ជិះ​បណ្តើរ​ជនសង្ស័យ​បាន​និយាយប្រាប់​មក​ជនរងគ្រោះ​ថា ទៅ​ផ្សារ​តាខ្មៅ ទៅ​ទិញ​អីវ៉ាន់​លេង​រួច​ចាំ​ទៅផ្ទះ​។​
​លុះ​ជិះ​មកដល់​ផ្សារ​កាច់ជ្រុង សង្កាត់​តាខ្មៅ ជនសង្ស័យ​បាន​ទម្លាក់​ជនរងគ្រោះ​ចោល ហើយ​និយាយប្រាប់​ជនរងគ្រោះ​ថា “​ចាំ​ហ្នឹងហើយ មីង​ទិញ​អីវ៉ាន់​ឱ្យ​អូន​លេង​” រួច​ក៏​គេចខ្លួនបាត់ ដោយ​ចាំ​យូរពេក ជនរងគ្រោះ​បានឃើញ​មនុស្ស​ស្រី​ម្នាក់ បាន​ដើរមក​ជិត​ខ្លួន​ក៏​ប្រាប់ថា “​មីង​ជូន​ខ្ញុំ​ទៅ​សាលា​” ដោយ​ឃើញ​ស្ថានភាព​ជនរងគ្រោះ ក៏​សួរនាំ​ដោយ​នឹកស្មានថា ជា​សិស្ស​រៀន​នៅ​សាលា​ក្បែរ​នេះ ក៏​ឌុប​យកទៅ​សាលា​បឋម​តាខ្មៅ ។ ពេលទៅដល់​ទីនោះ លោកគ្រូ​នាយរង​ឆ្លើយថា មិនមែនជា​សិស្ស​របស់គាត់​ទេ ។ លោកនាយ​ករង និង​ស្ត្រី​ខាងលើ បម្រុង​ដឹក​ជនរងគ្រោះ​មក​ប៉ុស្តិ៍​តាខ្មៅ តែ​ពេលមកដល់​ផ្លូវ​២១A ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា ផ្ទះ​ខ្លួន​ទៅតាម​នេះ លោកនាយ​ករង និង​បងស្រី បាន​ជូន​ទៅដល់​សាលា​តា​ម៉ា​កុរ​ស្មី​សាមគ្គី ធ្វើការ​ប្រគល់ជូន​គ្រូ និង​ម្តាយ​ជនរងគ្រោះ​នៅ​ទីនោះ​ទៅ ហើយ​ត្រឡប់មកផ្ទះ​រៀងៗ​ខ្លួន​តែម្តង​។

​រហូតមកដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៩ និង​៣០​នាទី កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ សួរ​បំភ្លឺលោក​នាយរង​សាលា​បឋម​តាខ្មៅ និង​ម្តាយ​ជនរងគ្រោះ ករណីនេះ​ពិតជា​មាន​ដូច​ការរៀបរាប់​ខាងលើ​ប្រាកដ​មែន​។​
​បច្ចុប្បន្ន កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ខាងលើ មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×