កោះកុង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រឹកថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋាន សាងសង់ ស្តូប អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិត នៅ ភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើនរូបទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង ទទឹងប្រវែង៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ ក៏មានសាងសង់ហេដ្ឋរចនាសម្ព័ន្ធបន្ថែមជាមួយគ្នាផងដែរ សម្រាប់វប្បធម៌ សាសនា ទេសចរណ៍ និងចំណតរថយន្ត ដើម្បីការសិក្សាស្រាវជ្រាវ និងទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិ ក្នុងយុគ្គសម័យភ្លើងសង្គ្រាម។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ឱ្យដឹងទៀតថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជននានាទាំងស្រុង មិនចំណាយថវិកសរបស់រដ្ឋទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ