ភ្នំពេញ៖ បើតាមរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង( Royal du Cambodge) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រោមព្រះរាជតម្រិះដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យ ទុកដាក់ជានិច្ចអំពីសុខុមាលភាព នៃការរស់នៅរបស់កូនចៅប្រជានុរាស្ត្រ នាវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំ ដ៏វិសេសវិសាល ជាព្រះរាជទ្រព្យផ្ទាល់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យ ក្នុងការព្យាបាលជំងឺ ជូនដល់កុមារកម្ពុជា ដោយឥតគិតថ្លៃ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ