ខេត្តបាត់ដំបង ៖ ជនស័ង្សយម្នាក់លួចទូរស័ព្ទដៃចំនួន១៥គ្រឿងត្រូវបានបង្ក្រាបនិងដកហូតបានមកវិញនៅក្រុងបាត់ដំបង ។ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង៣៥នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោតបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងស្របតាមយោបល់ណែនាំពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី អំពេីលួច(យកទូរស័ព្ទដៃ )០១ករណី និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំពោះអង្គហេតុដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនោះគឺកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១វេលាម៉ោង ១៣និង០០នាទីនៅចំណុច ភូមិតាង៉ែត ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ចោរចូលលួចយកទូរស័ព្ទដៃ ចំនួន ១៥ គ្រឿង ពីក្នុងទីលំនៅរបស់ជនរងគ្រោះ ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលើ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេត និងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ ទើបកំណត់បានមុខសញ្ញាជាជនសង្ស័យខាង លើ និងឈានទៅធ្វើការឃាត់ខ្លួននិងដកហូតបាន៖ – ទូរស័ព្ទដៃចំនួន ១៥ គ្រឿង ក្នុងនោះមានម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង – ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ដែលមានលេខតួ – ម៉ាស៊ីន 5810069 ពាក់ផ្លាកលេខ បាត់ដំបង 1AL 0159 ( ជាមធ្យោបាយប្រព្រឹត្តបទល្មើស ) ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ