ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាអ្វីដែលយើងអាចធ្វើនៅពេលនេះ គឺខិតខំពង្រឹងនិងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ(កម្ពុជាឥណ្ឌា) ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រោះពេលនេះប្រទេសទាំងពីរក៏ឈានដល់កិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។
នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីនៃប្រទេសឥណ្ឌា ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ព្រមទាំងបានជូនពរ សម្ដេចតេជោ មានសុខភាពល្អរឹងមាំដើម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តបានយ៉ាងល្អប្រសើរចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។
ចំពោះទំនាក់ទំនងប្រទេសទាំង២ លោកជំទាវបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាគឺមានជាយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រ គឺជាទំនាក់ទំនងដ៏ល្អមួយ ហើយក្នុងបេសកកម្មកាទូតរបស់លោកជំទាវកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិការដែលមានស្រាប់នេះឲ្យកាន់តែរីកធំធាត់ឡើងមួយកម្រិតថែមទៀត។ លោកជំទាវបានមានប្រសាសន៍ថាតាមរយៈការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី តាមរយៈអរិយធម៌វប្បធម៌ និងសាសនាដែលជាមូលដ្ឋានមួយរវាងប្រទេសទាំងពីរ លោកជំទាវនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញការរៀបចំកម្មវិធីជាប្រចាំនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដើម្បីផ្សាភ្ជាប់ប្រជាជន និងប្រជាជន និងវិស័យពាណិជ្ជកម្មបន្ថែមពីលើទំនាក់ទំនងដែលមានស្រាប់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរជាមួយលោកជំទាវ Devyani Uttamkhobragade ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីសំណាក់ឯកឧត្តមប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌាតាមរយៈលោកជំទាវផ្ទាល់ ។ សម្តេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរផងដែរដែលប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានជោគជ័យ និងបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ សម្តេចតេជោក៏បានយល់ស្របជាមួយនឹងការលើកឡើងរបស់លោកជំទាវពាក់ព័ន្ធទំនាក់ទំនងរាប់ពាន់ឆ្នាំមកហើយរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោបានមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់ទំនងរបស់យើងគឺមានជាយូរលង់ណាស់មកហើយហើយ ជាពិសេសទំនាក់ទំនងនោះគឺមានការរីកចម្រើនល្អប្រសើរជាលំដាប់ ។ សម្តេចបន្តថា ចំណុចសំខាន់បំផុតនោះគឺកន្លងមក តែងតែគាំទ្រកម្ពុជាយើង ជាពិសេសនៅទសវត្ស៥០ ឥណ្ឌាបានគាំទ្រកម្ពុជាមុនពេលទទួលបានឯករាជ្យពីបារាំង ហើយបន្ទាប់មកនៅទសវត្ស៨០ ឥណ្ឌាគឺជាប្រទេសដំបូងបំផុតដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលពេលនោះនៅអង្គការសហប្រជាជាតិគឺនៅទទួលស្គាល់កៅអីកម្ពុជាប្រជាធិបតេយ្យនៅឡើយ។ ហើយជាបន្តបន្ទាប់ គឺឥណ្ឌាតែងតែជួយគាំទ្រនិងផ្តល់ជំនួយស្បៀងអង្ករ និងអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជាព្រមទាំងជួយជួសជុលប្រាង្គប្រាសាទនៅកម្ពុជារហូតមកដល់សព្វថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាអ្វីដែលយើងអាចធ្វើនៅពេលនេះ គឺខិតខំពង្រឹងនិងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រោះពេលនេះប្រទេសទាំងពីរក៏ឈានដល់កិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានលើកទឹកចិត្តនិងជំរុញអោយដល់ការបង្កលក្ខណៈល្អមួយសម្រាប់ជាលើកទឹកចិត្ត និងទំនុកចិត្តដល់អ្នកវិនិយោគ ដូចជាលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ដើម្បីបើកឱកាស និងកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរ។ ដើម្បីពង្រីកវិសាលភាពឱកាសវិនិយោគនៃប្រទេសទាំងពី សម្តេចតេជោ បានស្នើដល់ឥណ្ឌាពិនិត្យលើលទ្ធភាពចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរអោយបានឆាប់ ហើយក្នុងនោះ សម្តេចតេជោ ក៏បានពិភាក្សាក្នុងការរៀបចំព្រះរាជដំណើរទស្សនៈកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសឥណ្ឌានៅក្នុងពេលវេលាដ៏សមស្របមួយ ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរអោយយកាន់តែស្អិតរមួតថែមទៀត។
នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកមិញនេះផងដែរ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជូនពរលោកជំទាវបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខប្រធានាធិបតី និងនាយករដ្ឋមន្ត្រីតាមរយៈលោកជំទាវផ្ទាល់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ