ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុក យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី១៩មករា២០២១ បានឲ្យដឹងថា ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ការទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើការ អភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញសម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។ កម្ពុជា កំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ ផ្នែកមួយទៀតនៃការអភិវឌ្ឍធនធានមនុស្ស គឺការធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ដែលកត្តាទាំងពីរនេះ ត្រូវបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបន្ដថា សុខភាពគឺជាទ្រព្យធន ដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដូច្នេះការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាព ដល់វិស័យសុខាភិបាល នេះជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ ទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងអនាគតរយៈពេលវែងខាងមុខ។ កាលណាប្រជាជនមានសុខភាពល្អមាំមួន ប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញ ក្នុងគ្រប់សកម្មភាពសង្គម ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងមានលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ឱ្យទទួលបានចំណេះដឹង ក្លាយជាធនធានមនុស្ស មានសមត្ថភាពជំនាញពិតប្រាកដ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ