ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។
បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។
ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែល្បិចនៃការបោកបញ្ឆោតនេះត្រូវបានចាប់ផ្តើមឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាមានជនខិលខូចចំនួន ៥ពាន់នាក់ដែលកំពុងតែប្រើប្រាស់វិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។
នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ