ភ្នំពេញ ៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏ហួសចិត្តមួយ បានកំពុងបង្កឲ្យមានការពិភាក្សាវែកញែកឡើងចម្រូងចម្រាស់តែម្តង នៅលើបណ្តាញសង្គម ក្រោយពីបានឃើញសមត្ថកិច្ចបានចាត់វិធានការ ធ្វើការឃាត់ខ្លួនបុរសៗជាច្រើននាក់ ដែលតែងតែបន្ទោរបង់នៅទីកន្លែងសាធារណៈ នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅតាមទីកន្លែងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្ត ដើម្បីយកមកអប់រំណែនាំកុំឲ្យធ្វើអ៊ីចឹងទៀត។
យោងតាមប្រភពបានឲ្យដឹងថា បុរសៗចំនួន១៣នាក់ ដែលចាប់បានបន្ទោរបង់ នៅតាមសួនច្បារសាធារណៈ ដើមឈើ និងទីតាំងសាធារណៈផ្សេងទៀត ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ដើម្បីយកមកអប់រំណែនាំ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការលើកឡើងទៅតាមការយល់ឃើញផ្សេងៗគ្នា និងក៏ដូចការវែកញែកឡើងចម្រូងចម្រាស់គ្នាយ៉ាងដូច្នេះថា៖
– គាំទ្រច្បាប់នេះ ១០០ ភាគរយ បើបានផាកជាសាច់ប្រាក់ក៏កាន់តែគាំទ្រទៅទៀត,
– ប្រុសសោះនោមដាក់ដបទឹកសុទ្ធ ហើយបោះចោលក្នុងធុងសំរាមទៅចប់ បើថាពិបាកទៅរកបន្ទប់ទឹក កុំនោមតាមទីសាធារណះចឹងអីឆ្អេះណាស់,
– គួរតែមានបន្ទាប់ទឹកសារធារណៈច្រើនតិច ព្រោះការាស់សាំងយើងតិច មានតែttpបានមានច្រើន ហើយពេលខ្លះនៅឆ្ងាយវាពិតជាពិបាកសំរាប់ពួកគាត់។ បើអាចសូមអោយមានតាមទីសារធារណច្រើនសិន &តម្លៃទទួលយកបានទាំងអស់គ្នា បើមានដូចនេះហើយមិនធ្វើ ចាំធ្វើបែបនេះ។ អរគុណ!,
– ទប់មិនបានទេ ហើយនៅតាមសួនសាធារណៈមិនមានបង្គន់អនាម័យជាសាធារណៈផង នៅតាមសួនកម្សាន្តក្នុងក្រុងភ្នំពេញមានតិចបំផុត,
– ពួកខ្ញុំចង់ចូលបន្ទប់ទឹកដែរតែបន្ទប់ទឹកសាធារណៈគ្មានហើយការ៉ាសសាំងនៅឆ្ងាយ,
-ធ្លាប់នៅស្រែនោមណាក៏បាន ពេលឡើងមកធ្វើកានៅភ្នំពេញ តែនោមផ្ដេសផ្ដាសគេចាប់ចឹងហើយ, តើភ្នំពេញមានបន្ទប់ទឹកសាធារណៈច្រើនប៉ុន្មានហើយ ពេលទៅភ្នំពេញម្តងៗ វេទនារឿងកន្លែងនោមហ្នឹង,
– បន្ទប់ទឹកច្រើនណាស់ រកបាននៅការាស់សាំងពូ មិនបាច់ចាក់សាំងក៏អាចចូលបានដែរ,
– ទីសាធារណៈ តែគ្មានបន្ទប់ទឹក… ចង់បំបាត់ផល គួរមើលហេតុសិន… តែយ៉ាងណាក៏យើងមិនត្រូវនោមអ៊ីចឹងដែរ,
– បើអាចគួរឲ្យធ្វើទៅលើអ្នកចោលសំរាមផង!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង