ភ្នំពេញ៖ ឆ្លើយតបនឹងការរិះគន់មួយចំនួនដែលហាក់មិនសមហេតុផល និងមិនអាចទទួលយកបាននៅក្នុងបណ្តាញសង្គម ជុំវិញរឿងរ៉ាវនៃការឃាត់ខ្លួនមនុស្ស១៣នាក់ ដែលបានបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើនិងទីតាំងសាធារណៈផ្សេងៗទៀត យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ កាលពីថ្ងៃ១៩ មករានេះ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ការរិះគន់នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះសាសារាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែដោយសារតែ ចរិកមារយាទមនុស្សមួយចំនួនដែលតែងតែបត់ជើងតូច ឬធំនៅតាមទីសាធារណៈលើសួនច្បារ ឬដើមឈើ ពាសវាលពាសកាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយដែរ។
លោក ឃួង ស្រេង បានបន្តថា “លោកបានមើលឃើញ គេចូលបញ្ចេញមតិ (ខមមិន) ច្រើននៅក្នុងហ្វេសប៊ុកផេក កាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់មិនអាចទទួលយកបាន តែមានអ្នកគាំទ្រយ៉ាងលើសលប់ យើងមិនខ្វល់ចំពោះអ្នករិះគន់ប៉ុន្មាននាក់នោះទេ “។
លោកអភិបាលរាជធានី បានមានប្រសាសន៍ថា «គ្មានប្រទេសណាធ្វើបង្គន់ ១០០ ម៉ែត្រមួយនោះទេ អត់មានទេអស់លោក ។ គេមានផែនការច្បាស់ណាស់ចេញពីផ្ទះត្រូវបត់ជើងដៃតែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តង… នេះជាចរិកអ្នកនៅទីក្រុង ។ មិនមែនរបៀប អ៊ីចឹងទេ ហើយ ៤ ឬ ១០ គីឡូ (ម៉ែត្រ) គឺមាន ១ (បង្គន់) ហ្នឹង ហើយមានមួយហ្នឹង គឺនៅក្រោមដីមើលមិនឃើញទៀតទាល់តែអ្នកស្គាល់ » ។ អ៊ីចឹងឲ្យច្បាស់ផង កុំចេះតែខមមិន មានមាត់ មានអណ្តាតចេះតែរលាស់» ។
លោកបានបន្តថា បញ្ហានេះ មានមន្ត្រីរបស់យើងចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោមលិចផ្ទះអ្នកឯងទៅ។
លោកបានបន្តថា រឿងបង្គន់សាធារណៈនេះ យើងមានច្រើនហើយ បង្គន់យើងមានគ្រប់កន្លែងឲ្យគាត់បទជើង តែគាត់អត់ព្រមចូល។ អាជ្ញាធរក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះនៅជាងក្រុង ដូចជានៅខណ្ឌ ព្រែកព្នៅ ឬស្សីកែវ ដែលមានកំពតព្រៃអី គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែនេះនៅ (ខណ្ឌដូនពេញ ចំការមន បឹងកេងកង ៧មករា អី ទទួលយកម្តេចកើត ទទួលយកមិនបានទេ» ។
លោកបានបន្តទៀតថា «នេះជាសារជាតិមួយ គឺថាអត់មាយាទ សម្រាប់អ្នកដែលតែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ “។
គួររំលឹក កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញ រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឲ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ