ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការឃាត់ទុកម៉ូតូដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលមានសំឡេងឭខ្លាំងប្រមាណ ១០០គ្រឿង នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីលោកស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់សមត្ថិកិច្ចឱ្យចុះអនុវត្តឃាត់ម៉ូតូដែលបានកែច្នៃខុសបច្ចេកទេសប្រមាណ ១០០គ្រឿង។ ក្នុងចំណោមម៉ូតូទាំង ១០០គ្រឿងនោះ មានចំនួន ៤០គ្រឿង សមត្ថកិច្ចបានធ្វើបច្ចុប្បន្នភាពចុះស្រង់ស្ថិតិបញ្ជាក់អត្តសញ្ញាណម្ចាស់នៅតាមផ្ទះ និងបានឱ្យម្ចាស់ម៉ូតូទាំងនោះធ្វើកិច្ចសន្យាដោយកំណត់រយៈពេល ៣ថ្ងៃ ដើម្បីឱ្យយកស៊ីម៉ាំងទៅធ្វើការផ្លាស់ប្តូរ នៅតាមទីតាំងដែលបានឃាត់ម៉ូតូនោះទុក។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោបញ្ជាក់ដែរថា ការធ្វើកិច្ចសន្យាក៏បានតម្រូវឱ្យភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ផងដែរ ដើម្បីបញ្ចូលទៅក្នុងទិន្នន័យដើម្បីធ្វើការគ្រប់គ្រងថា តើលើកក្រោយអ្នកប្រព្រឹត្តមានពាក់ព័ន្ធជាមួយបទល្មើសដដែលៗនេះឬទេ? នៅជំហានដំបូងនេះ សមត្ថកិច្ចគ្រាន់តែឃាត់ដើម្បីធ្វើការអប់រំជាចម្បង ដោយមិនមានការផាកពិន័យនៅឡើយទេ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏នឹងអនុវត្តការងារនេះ ដោយធ្វើការដាក់ពិន័យផងដែរចំពោះម៉ូតូរ៉ឺម៉កដឹកទំនិញផ្សេងៗដែលដឹកចូលក្នុងរាជធានី ព្រមទាំងរថយន្តដែលធ្វើការកែច្នៃបំពង់ស៊ីម៉ាំងខុសពីភាពដើម។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ជាសេនាធិការត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្តឱ្យបញ្ឈប់រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស។ ក្នុងករណីរបន្តលបលួចកែច្នៃត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។
ដោយឡែកកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ណែនាំដល់កម្លាំងដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំបាត់ឱ្យបានរាល់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជាយានយន្តបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ