Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គនាយកដ្ឋាន​កសិក​ម្ម បាននិងកំពុង​បំពេញបេសកកម្ម​សំខាន់ ក្នុងការ​ចូលរួមចំណែក និង​គាំទ្រ​លើ​ការងារ​ពិសោធន៍ វិភាគ និង​ស្រាវ ជ្រាវ​គ្រប់មុខ​ដំណាំ ជាពិសេស​លើ​ការពង្រឹង​គុណភាព និង​សុវត្ថិភាព​កសិផល​

​ភ្នំពេញ ៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​នេះ​ថា អនុវត្តតាម​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​សហកា​រ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​កសិកម្ម​យកចិត្តទុកដាក់​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម​តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ការប្រើប្រាស់​ពូជ​សុទ្ធ ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ស្លាក​សញ្ញា​វេច​ខ្ចប់ ការរៀបចំ​ចងក្រង​ជា​ក្រុម ឬ​បណ្តុំ​ផលិត ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា​។​ល​។ ដើម្បី​ធានាបាន​នូវ​ស្តង់ដា​ផលិត កែច្នៃ វេច​ខ្ចប់ ធានាបាន​គុណភាព និង​សុវត្ថិភាព ឆ្លើយតបបាន​តាម​និយាម​ទីផ្សារ​នាំចេញ​ក្នុង​តំបន់ និង​អន្តរជាតិ​។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា តាម​អ្វីដែល​អគ្គនាយកដ្ឋាន​ក​សិ​កម្ម​បានបញ្ជាក់​ក្នុង​របាយការណ៍​កាលពី​ថ្ងៃទី​២០ ខែមករា បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួមចំណែក​បំពេ​ញល​ក្ខ​ខណ្ឌ​តម្រូវ​សម្រាប់​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ សំដៅ​ធានា ឬ​បញ្ជាក់​ឲ្យ​បាន​សុ​ក្រឹត្យ​អំពី​គុណភាព និង​សុវត្ថិភាព​កសិផល ឆ្លើយតប​តាម​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ ឬ​ប្រទេស​នាំចូល មន្ទីរពិសោធន៍​ជាតិ​កសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោម​អគ្គនាយកដ្ឋាន​កសិកម្ម បាននិងកំពុង​បំពេញបេសកកម្ម​សំខាន់​ក្នុងការ​ចូលរួមចំណែក និង​គាំទ្រ​លើ​ការងារ​ពិសោធន៍ វិភាគ និង​ស្រាវ ជ្រាវ​គ្រប់មុខ​ដំណាំ ជាពិសេស​លើ​ការពង្រឹង​គុណភាព និង​សុវត្ថិភាព​កសិផល​។ តួនាទី និង​ភារ កិច្ច​របស់ NAL គឺ​សំដៅ​ដល់​ដំណើរ​ការវិភាគ ត្រួតពិនិត្យ​លើ​ធាតុ​ចូល​កសិកម្ម សារធាតុសរីរាង្គ និង​អ​សរីរាង្គ ដើម្បី​រក​ឲ្យ​ឃើញ​កម្រិត​បរិមាណ​សារធាតុ​ដែលមាន​កម្រិត​ភាព​សុទ្ធ និង​សំណល់​នៃ​ធាតុ​សកម្ម​មាននៅ​ក្នុង​ដី ជី ទឹក រុក្ខជាតិ ថ្នាំ​កសិកម្ម និង​ពពួក​មីក្រូ​សារពាង្គកាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​។
​ឆ្លើយតប​តាម​បរិបទ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ការនាំចេញ​កសិផល NAL បាននិងកំពុង​ដំណើរកា​រវិ​ភាគ និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្បើង​ថែមទៀត​ទាំង​ធនធានមនុស្ស ឧបករណ៍ សម្ភារ និង​សេវាកម្ម ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ទៅតាម​សំណូមពរ​របស់​អតិថិជន និង​ទីផ្សារ​នាំចេញ​។

​បច្ចុប្បន្ន NAL បាននិងកំពុង​ផ្តល់​សេវាកម្ម​ជូន​សាធារណ​មួយចំនួន​លើ​ការវិភាគ សេវា​គាំទ្រ​លើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍ ការវិភាគ​ពាក់ព័ន្ធ​នឹង​ការកំណត់​តំបន់​ដាំ​ដុះ ការ​គ្រប់ គ្រង និង​អភិរក្ស​ធនធាន​ដី និង​សេវា​ចូលរួម​លើ​ការងារ​សហការ និង​អន្តរាគមន៍ ដែល​ត្រូវបាន អនុវត្ត​ជាប្រចាំ​ដើម្បី​ទ្រទ្រង់ និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​ដល់​ការអភិវឌ្ឍ​អនុវិស័យ​ដំណាំ ដោយ​ក្នុងនោះ​ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវ​ការរួមចំណែក​រកប្រាក់​ចំណូល​ជូន​រដ្ឋ​។

​ព្រម​ជាមួយគ្នានេះ NAL មាន​សមត្ថភាព​អាចធ្វើ​ការវិភាគ​លើ​កម្មវត្ថុ​មួយចំនួន​ដូចខាងក្រោម​៖
១- ការវិភាគ​យ​ថា​ប្រភេទ​លើ​ពពួក​ម៉ាក្រូ​ធាតុ និង​មីក្រូ​ធាតុ​នៅលើ​សំណាក​ដី ជី ទឹក​កសិកម្ម និង​រុក្ខជាតិ ដែលជា​វិញ្ញាសារ​សំខាន់​ក្នុងការ​កំណត់​រក​កម្រិត​សារធាតុចិញ្ចឹម​ចម្បង N.P.K និង​សារធាតុ​រួមផ្សំ​ដែល​ដំណាំ​ត្រូវការ​។​

២- ការវិភាគ​គុណភាព​ថ្នាំ​កសិកម្ម ដែល​បានរួម​ចំណែក​ផ្តល់​ផលប្រយោជន៍ និង​ផលចំណេញ​ដល់​កសិករ អ្នកប្រើប្រាស់ ដើម្បី​បញ្ចៀស និង​ទប់ស្កាត់​កម្រិត​លាយ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស មុន​ធ្វើការ​ចុះបញ្ជី​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម ឬ​ប្រើប្រាស់ ដែល​អាច​នាំ​ឲ្យ​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​។​

៣- ការវិភាគ​សំណល់​ថ្នាំ​កសិកម្ម ដែល​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ និង​មាន​សារៈប្រយោជន៍ ចំពោះ​សេដ្ឋកិច្ច​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។ ការវិភាគ​នេះ​គឺជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការបង្កើន​ភាពជឿជាក់ និង​ទំនុកចិត្ត​របស់​អតិថិជន​ចំពោះ​ផលិតករ​ទៅលើ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ឬ​កសិកម្មសរីរាង្គ ដែលជា​សក្ខីភាព បញ្ជាក់​ពី​ការអនុវត្ត​វិធាន​បច្ចេកទេស​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន មិន​កេង​បន្លំ ធានាបាន​នូវ​គុណភាព សុវត្ថិភាព និង​សុខុមាលភាព មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​។​

៤- ការវិភាគ​លើ​ពពួក​មីក្រូ​សារពាង្គកាយ​បង្ក​គ្រោះថ្នាក់ ដោយ​ភាគច្រើន​តែង​កើតមាន​នៅលើ​ចំណីអាហារ​បង្ក​ទ្បើង​ដោយ​ពពួក​មេរោគ ផ្សិត បាក់តេរី វីរុស និង​នេ​ម៉ា​តូ​ត ដែលជា​សមាសភាព​ចង្រៃ​បណ្តាលមកពី​ការផលិត ការ​លាយ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​កង្វះ​អនាម័យ​។​

៥- ការវិភាគ​គុណភាព​គ្រាប់ពូជ​ដំណាំ និង​ការបណ្តុះ​ជាលិកា​វប្បកម្ម ដែល​ដើរតួនាទី​សំខាន​ក្នុងការ​លើកកម្ពស់់​ប្រសិទ្ធភាព​សេដ្ឋកិច្ច ប្រសិទ្ធភាព​ដំណុះ​គ្រាប់ពូជ និង​ជា​កត្តា​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំណើន​ទិន្នផល និង​តម្រូវការ​ទីផ្សារ “​ពូជ​ដំណាំ​ល្អ នឹង​ទទួលបាន​ផល​ល្អ​”៕ រក្សា​សិទ្ធិ​ដោយ៖ បញ្ញា​ស័ក្តិ​

×