ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសមរវាង លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ លោក អាណាតូលី បូរ៉ូវីគ បានមានប្រសាសន៍លើកឡើងថា ប្រទេសរុស្ស៊ី បានមានទំនាក់ទំនងការទូត ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា មានរយៈពេល៦៥ឆ្នាំហើយ ។ ទំនាក់ទំនងនេះ បានធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក អាណាតូលី បូរ៉ូវីគ បានបន្តទៀតថា ស្ថានភាពជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ ដល់បណ្ដាលប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយដែលប្រឈមនឹងជំងឺកូវីដ ១៩នេះផងដែរ ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងទប់ស្កាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យស្ថានភាពជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រងនូវព្រឹត្តិការណ៍២៨ វិច្ឆិកាបានយ៉ាងល្អប្រសើរ។
លោកបន្តទៀតថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ប្រទេសរុស្ស៊ីបង្កើតបានវ៉ាក់សាំង (Sputnik V)ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនមកឲ្យប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ យើងនឹងពិភាក្សាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះមកឲ្យកម្ពុជា ។
ក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានលើកឡើងពីទំនាក់ទំនង នៃការចងសម្ព័ន្ធភាព រវាងទីក្រុងពីររបស់ប្រទេសរុស្ស៊ីជាមួយនឹងរាជធានីភ្នំពេញដែលនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងណូវ៉ូស៊ីប៊ីស ចងសម្ព័ន្ធមេត្រីភាពជាមួយនិងរាជធានីភ្នំពេញដែរ។ ប៉ុន្តែដោយស្ថានភាពកូវីដ១៩ ការចុះហត្ថលេខាទៅលើការចងសម្ព័ន្ធមេត្រីភាពនេះត្រូវបានអូសបន្លាយពេល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការចុះហត្ថលេខា លើអនុសារណៈយោគយល់ ស្ដីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញ និងទីក្រុងទាំងពីរ របស់ប្រទេសរុស្ស៊ីនេះ គ្រោងនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពីស្ថានភាពកូវីដ១៩បានធូរស្រាល។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង នៅក្នុងជំនួបសម្ដែងការគួរសមនោះ ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រទេសរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រជាច្រើន មកប្រទេសកម្ពុជាក្រោយឆ្នាំ១៩៧៩ ។មិនត្រឹមតែប៉ុណ្ណោះទេ រុស្ស៊ីនៅបានបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញជាក់ស្តែងនោះ ប្រទេសរុស្ស៊ីបានកសាងមន្ទីរពេទ្យមួយនៅក្នុងរាជធានីភ្នំពេញ នោះគឺ មន្ទីរពេទ្យរុស្ស៊ីដែលបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយបានឃើញ ។
លោកឃួង ស្រេង បន្តទៀតថា មន្ទីរពេទ្យរុស្ស៊ី នៅរាជធានីភ្នំពេញ បានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺកូវីដ១៩។
ជាការឆ្លើយតបទៅនឹងអ្វី ដែលបានលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឃួង ស្រេង បានថ្លែងការអរគុណនូវសណ្តានចិត្ត ដ៏ល្អរបស់ប្រទេសរុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំងកូវីដ១៩ Sputnik Vមកព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសណ្តានចិត្តដ៏ប្រសើរបំផុត របស់ប្រទេសរុស្ស៊ី ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអ្នកវិនិយោគទុន របស់ប្រទេសរុស្ស៊ីគ្រោងថា នឹងមកបណ្ដាក់ទុនរកស៊ី នៅព្រះរាជាណាចក្រកម្ពុជានោះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ គឺបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងសម្រាប់អ្នកវិនិយោគទុន របស់ប្រទេសប្រទេសរុស្ស៊ី ដែលចង់មកបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា វ៉ាក់សាំង រុស្ស៊ី Sputnik Vបានដំណើរការ ចាក់ជូនពលរដ្ឋនៅប្រទេសរុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សីលោកពូ ទីន ក៏បានចាក់វ៉ាក់សាំងនេះ រួចហើយដែរ ។ វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវចាក់ពីរដូសមានប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុកក្នុងសីតុណ្ហភាពទូទឹកកកធម្មតា ដែលមានតម្លៃប្រហែល ១០ ដុល្លារក្នុងមួយដូស ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ