Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មានច្រានចោលរបាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើសេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះរបាយការណ៍មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា រដ្ឋាភិបាលប្រើឥទ្ធិពលច្បាប់ គំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។

ក្រសួងព័ត៌មាន ចាត់ទុករបាយការណ៍ CCIM មានចំណងជើងថា ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧ ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលបានបង្រ្កាបធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យថា ជាហេតុផលនយោបាយនិងវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមក ហើយថារបាយការណ៍នោះ ជាការស្រាវជ្រាវគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់។

ក្រសួងព័ត៌មានសូមបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់ CCIM ហើយចាត់ទុកថា នេះគ្រាន់តែជាការវាយតម្លៃគ្មានមូលដ្ឋានធ្វើការស្ទង់មតិពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតគេចវេះពីការទទួលខុសត្រូវខាងផ្លូវច្បាប់ ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។

វិស័យព័ត៌មាននៅកម្ពុជា ត្រូវបានគាំពារ និងធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន ហើយរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគាំទ្រ លើកស្ទួយសេរីភាពសារព័ត៌មាន បន្តកិច្ចសហការ ដោយចាត់ទុកស្ថាប័នព័ត៌មានទាំងអស់ គឺជាដៃគូដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​២១ កុម្ភៈ មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យហៅ​កាត់​ថា​ (CCIM) បាន​ស្ទង់​មតិ​លើ​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​៧៥នាក់ ដែល​ធ្វើ​ការ​នៅកម្ពុជា ចាប់ពី​ចុង​ឆ្នាំ​២០១៧មក​។ ក្នុង​របាយការណ៍​នោះ​អ្នក​សារព័ត៌មាន​៨៣​ភាគ​រយ​លើកឡើង​ថា សេរីភាព​សារព័ត៌មាន​​បាន​ធ្លាក់​ចុះ ចំណែក​​១១ភាគរ​យទៀតថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើរ​តាម​ផ្លូវ​ត្រូវ​។​ ក្នុង​របាយការណ៍​នោះ​ក៏​បាន​រក​ឃើញ​ថា​អ្នក​សារព័ត៌មាន​៦៧​ភាគ​រយ​មាន​អារម្មណ៍​ថា​ពួកគេគ្មាន​​សេរីភាពពេញ​លេញ​ក្នុង​ការ​រាយការណ៍ដោយសេរី​នោះ​ទេ។

CCIM បាន​លើក​ឡើង​ថា​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន​៣២ ដែល​ផ្សាយ​ព័ត៌មាន​គណបក្សប្រឆាំង​ព័ត៌មាន​ដែល​ផ្តល់​មូល​និធិ​ដោយ​សហ​រដ្ឋ​អាមេរិក​ ឬ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យ​ និង​ការប្រើ​ប្រាស់​ការ​​ស៊ើបអង្កេត​លើ​ការ​បង់​ពន្ធ​ហើយ​បានបិទ​សារព័ត៌មាន​នោះដោយ​រដ្ឋាភិបាល​ រួម​ទាំង​គំរាម​កំហែង​ និងចាប់​អ្នក​កាសែត​ ពី​បទ​ញុះ​ញង់​ និង​ការ​ផ្តល់​ជូន​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​បង្ក​ភាពអន្តរាយ​ដល់សន្តិសុខ​ជាតិ ជា​ដើម​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​វាយ​តម្លៃពី​សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ​បែប​នេះ។

CCIM បាន​ឲ្យ​អនុសាសន៍ថា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល ត្រូវ​មាន​ការ​គាំទ្រ​ដែល​ចាំ​បាច់​ដល់​អ្នក​សារព័ត៌មាន ជា​ពិសេស​ផ្តល់​ការ​គាំ​ទ្រ​ផ្នែកសុខភាព សុវត្ថិភាព និង​ប្រព័ន្ធ​ឌី​ជីផល៕ ដោយ៖បញ្ញាស័ក្តិ

×