ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាចំនួន១.១៣១,៥៤៧ដុល្លារ ដល់អង្គភាពចំនួន២នៅក្នុងប្រទេសកម្ពុជា ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ លោកហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា ជាមួយនឹងអ្នកតំណាងមកពីអង្គភាពទទួលជំនួយទាំងពីរ ។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានមានប្រសាន៍ថា សម្រាប់គម្រោង ផ្ទេរបច្ចេកទេសមេកានិច គ្រប់ជ្រុងជ្រោយ បោសសំអាតមីន ក្នុងខេត្តកំពង់ធំ ដែលមានថវិកាចំនួន ៦៧៦.០១៩ ដុល្លារ ដល់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ អង្គការនឹងអភិវឌ្ឍន៍លើបច្ចេកទេសមេការនិច ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន និងម៉ាស៊ីនដោះគ្រាប់បែកចង្កោម នៅក្នុងតំបន់ដែលសម្បូទៅដោយគ្រាប់មីននិងគ្រាប់បែក ចង្កោមនៅលាយជាមួយគ្នា។
ជាមួយគ្នានោះ អង្គការនេះនឹងផ្ទេរវិធីសាស្រ្តបោសសម្អាត ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពទៅមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីពង្រឹងសមត្ថភាព នឹងពន្លឿនកិច្ច ខិតខំប្រឹងប្រែងរបស់ CMAC ដើម្បីធ្វើឱ្យប្រទេសមានសុវត្ថិភាព។
លោកឯកអគ្គរាជទូតបន្តថា ជប៉ុនបានសម្រេចផ្តល់ថវិកាចំនួន ៤៥៥.៥២៨ដុល្លារ សម្រាប់លើកកម្ពស់សុខភាព មាតា និងទារក នៅក្នុងខេត្តតាកែវ ដល់អង្គការ World Vision Japan តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក និងអ្នកស្មគ្រចិត្តសុខាភិបាល និងផ្តល់ការអប់រំសុខភាពដល់មាតា នៅក្នុងស្រុកប្រតិបត្តគិរីវង់ និងស្រុកប្រតិបត្តិកោះអណ្តែត ដើម្បីលើកកម្ពស់គុណភាព និងការទទួលបានសេវាទទួល សុខភាព ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយអត្រាកុមារ ដែលខ្វះអាហារូបត្ថម្ភ និងជំងឺនានា ដែលឆ្លង តាមទឹកមិនស្អាត។ គម្រោងនេះដែរ នឹងរួមបញ្ចូល នូវការសាងសង់ប្រព័ន្ធទឹកស្អាត និងបរិក្ខាអនាម័យ នៅមណ្ឌលសុខភាព ស្រុកប្រតិបត្តិចំនួន២ ដើម្បីកែលំអរបរិស្ថាន សុខាភិបាល។ គម្រោងទាំង២នេះ គឺជាគម្រោងលើកទី៧និងលើកទី៨ ដែលបានផ្តល់ជំនួយតាមរយៈគ្រោងការណ៍នៃជំនួយនៅកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធ ឆ្នាំ២០១៧របស់ជប៉ុន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣១លានដុល្លារអាមេរិក ដល់គម្រោងចំនួន១០៧ ដែលផ្តោតសំខាន់លើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងបោសសម្អាតមីន៕ ដោយ៖បញ្ញាស័ក្តិ