ភ្នំពេញ ៖ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
សន្និបាតប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយអំពីលទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននៅឆ្នាំកន្លងទៅ ព្រមទាំងទស្សនវិស័យនិងទិសដៅការងារឆ្នាំ២០២១នេះ សំដៅឈានទៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារនិងសេដ្ឋកិច្ចកម្ពុជា។
នៅឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការឆ្លងនិងការរីករាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដែលរក្សាបានជំនឿទុកចិត្តយ៉ាងរឹងមាំចំពោះសេដ្ឋកិច្ចនិងវិស័យធនាគារកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការរក្សាបានស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ព្រមទាំងគរពូនទុនបម្រុងអន្តរជាតិ ក្នុងកម្រិតគ្រប់គ្រាន់សម្រាប់បម្រើដល់គោលនយោបាយរូបិយវត្ថុ។
ជាមួយគ្នានេះ វិស័យធនាគារក៏បានគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់មកលើអាជីវកម្មនិងប្រជាជនក្រីក្រ ដោយបានដាក់ចេញនូវវិធានការមួយចំនួន រួមមាន ការបង្កើនសាច់ប្រាក់ក្នុងដៃរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្រាប់ការពារហានិភ័យដែលអាចកើតឡើងជាយថាហេតុ និងគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យចម្បងៗនៃសេដ្ឋកិច្ច និងការរៀបចំឥណទានឡើងវិញ ជាមួយនឹងការលើកលែងកម្រៃពាក់ព័ន្ធ ចំពោះអាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ពីវិបត្តិ។
ធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ស្របពេលដែលបរិយាបន្នហិរញ្ញវត្ថុបានកើនឡើងនិងស្ថិតក្នុងបរិការណ៍ប្រឈមនឹងវិបត្តិ តាមរយៈការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅតាមមូលដ្ឋាន, ការទទួលសំណួរនិងសំណើរបស់សាធារណជនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងយុទ្ធនាការនានា ដែលបានបញ្ជ្របចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សាធារណជន។
ម្យ៉ាងទៀត ធនាគារជាតិនៃកម្ពុជាក៏បានគាំទ្រដល់នវានុវត្តបច្ចេកវិទ្យា ដោយបានអនុញ្ញាតឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់និងអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាទំនើប។
ក្នុងចំណោមនោះ ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ត្រូវបានដាក់ឱ្យប្រើប្រាស់ និងកំពុងសម្រួលដល់ការទូទាត់ទូទៅតាមរយៈទូរស័ព្ទដៃ ដោយអាចទូទាត់ឆ្លងគ្រឹះស្ថាន និងអាចទទួលបានទឹកប្រាក់ទូទាត់ភ្លាមៗ។ ម្យ៉ាងទៀត ការដាក់ចេញនូវវិធានការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិបានទទួលជោគជ័យ ជាពិសេសក្នុងការជំរុញការទូទាត់ប្រាក់រៀលចំពោះប្រតិបត្តិការតូចៗកាន់តែទូលំទូលាយ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការសន្សំនិងការផ្តល់ឥណទានជាប្រាក់រៀល ដែលបានរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យរូបិយវត្ថុជាតិ និងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ។
ជាទិសដៅ ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យកាន់តែទំនើប ប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងស្របតាមការវិវត្តនៃទំនាក់ទំនងនិងដំណើរការសេដ្ឋកិច្ចក្នុងបរិការណ៍នៃ “ប្រក្រតីថ្មី (the new normal)” សំដៅគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលស្តារកំណើនសេដ្ឋកិច្ចឡើងវិញ៕
រក្សាសិទ្ធិដោយ៖CEN