Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ (18th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ (11th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំខាងលើរួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស រួមជាមួយ ឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អាស៊ាន៖ រួមគ្នាដើម្បី សន្តិភាព សន្តិសុខ និងភាពធន់” នឹងផ្តោតកិច្ចពិភាក្សារួមគ្នា រិះរកវិធីដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្ត និង លើកកម្ពស់សមត្ថភាពកងទ័ព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយ ប្រទេសជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់។

ក្នុងឱកាសកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ រួមមាន (១) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន (២) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋ មន្ត្រីការពារជាតិអាស៊ាន-អាមេរិក (៣) ពិធីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-អូស្ត្រាលី (៤) ពិធីរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ និង (៥) ពិធីប្រគល់តួនាទី ជាប្រធាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្រាប់ឆ្នាំ២០២៥ ពីប្រទេសឡាវជូនម៉ាឡេស៊ី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសបូកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីលើវិស័យការពារជាតិ បន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×