បន្ទាប់ពីរូបប៉ុន្មានសន្លឹករបស់បុរសទីក្រុងបាងកក ដែលមានប្រពន្ធ២នាក់ដ៏ស្រស់ៗស្អាត ទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គម កាលពីសប្តហ៍កន្លងនេះ បុរសសំណាងរូបនេះ និងប្រពន្ធទាំងពីរ រួមទាំងកូនប្រុសស្រីចំនួន ៩ នាក់ ត្រូវបានអញ្ជើញផ្តល់បទសម្ភាសន៍ ដើម្បីចែករំលែកអាថ៌កំបាំងនៃអាពាហ៍ពិពាហ៍ដ៏រីករាយរបស់ពួកគេ នៅក្នុងប្រទេសថៃ ។
រឿងរ៉ាវទាំងអស់នេះបានផ្ទុះឡើង នៅពេលប្រពន្ធទី២របស់គាត់ឈ្មោះ Warissara Poksrichan អាយុ ៣២ ឆ្នាំ បានផុសរូបថតរវាងពួកគេទាំងបីនាក់ ថតរូប selfies រួមគ្នា នៅថ្ងៃ Valentine’s Day ទទួលបានការចែករំលែក ៦,០០០ ដោយបានសរសេរថា៖ «មនុស្សកំពុងអួតពីប្តីរបស់ខ្ញុំនៅលើហ្វេសប៊ុក ។ មែនហើយ! ប្តីរបស់ខ្ញុំមានសំណាងណាស់ ដែលមានប្រពន្ធ២នាក់!» ។
Warissara បានបន្តសរសេរកំប្លែងថា៖ «យើងបានរស់នៅជាមួយគ្នាយូរឆ្នាំហើយៗ ខ្ញុំក៏ពុំដែលផ្លាស់ប្តូរចិត្តគំនិតរបស់ខ្ញុំ ជាមួយគាត់ដែរ ។ រឿងតែមួយគត់ ដែលពួកខ្ញុំផ្លាស់ប្តូរ គឺបង្កើនទំហំសុដន់ 600cc និង 450cc ។ សង្ឃឹមថា ប្តីនឹងពេញចិត្តហ្មង!» ។
លោក Manop Nuttayothin អាយុ ៤២ ឆ្នាំ បានប្រាប់សារព័ត៌មានក្នុងស្រុកថា តាមពិតទៅ គាត់មានប្រពន្ធដល់ទៅ ៣ នាក់ ឯណោះ ប៉ុន្តែ ជាអកុសល ប្រពន្ធទី១ជាទីស្រលាញ់របស់គាត់បានទទួលមរណភាព បន្ទាប់ពីទទួលបានកូន ៣ នាក់ ។ គាត់បានកំពុងរស់នៅជាមួយប្រពន្ធទី២ឈ្មោះ Warissara Poksrichan អាយុ ៣២ ឆ្នាំ អស់រយៈពេលជាង ១០ ឆ្នាំ ។ បន្ទាប់មក គាត់បានបន្ថែមប្រពន្ធទី៣ឈ្មោះ Nattaya Tongpan អាយុ ២៦ ឆ្នាំ ។ ជាមួយប្រពន្ធក្រោយដ៏ស្រស់ៗស្អាតទាំងពីរ គាត់ទទួលបានកូន ៣ នាក់ ។
ប្រពន្ធទាំងពីររបស់គាត់ បានជួយជាមួយដល់របររកស៊ីរបស់ Mannop ដោយលក់គ្រឿងបន្លាស់រថយន្ត នៅឯព្រឹត្តិការណ៍ប្រណាំងរថយន្តធំៗ នៅក្នុងប្រទេសថៃ ។ លោក Manop និយាយថា គាត់បានផ្តល់ប្រាក់ខែឲ្យប្រពន្ធទាំងពីរ ប៉ុន្តែ បដិសេធនិយាយអំពីចំនួនប្រាក់ខែដែលគាត់បានផ្តល់ឲ្យពួកគេទេ ។
ប៉ុន្តែ Nattaya និយាយថា វាមិនមែនអំពីរឿងលុយកាក់ទេ នោះគឺ «គាត់ភាគច្រើនវិនិយោគទៅលើក្មេងៗ» ។
ចំណែក Warissara បានយល់ស្របថា «នោះជារឿងពិត ។ សម្រាប់កូនៗ គាត់ផ្តល់ឲ្យពួកគេ ១០០% ។ សម្រាប់ប្រពន្ធវិញ ប្រសិនបើសុំគាត់ ១ ពាន់បាត នោះគាត់នឹងគ្រាន់តែផ្តល់ពួកយើង ២ រយបាត ប៉ុណ្ណោះ» ។ នាងនិយាយពោរពេញដោយស្នាមញញឹម!
រីឯ Manop វិញ បានសារភាពថា គាត់ជាបុរសមានសំណាងណាស់ ដែលមានប្រពន្ធដល់ទៅ ៣ នាក់ និងអាថ៌កំបាំងនៃអាពាហ៍ពិហាហ៍ដ៏សុភមង្គល គឺថាអាចគ្រប់គ្រងពន្លត់ជម្លោះដែលបានកើតឡើងភ្លាមៗ ។ «នៅពេលណាក៏ដោយ ដែលមានបញ្ហា ខ្ញុំបាននិយាយទៅកាន់ពួកគាត់អំពីរឿងរ៉ាវនោះនៅក្នុងថ្ងៃតែ១» ។
គាត់បន្ថែមថា៖ «ជូនកាលរឿងរ៉ាវបានកើតឡើង ។ ខ្ញុំនឹងធ្វើហាក់ពុំចាប់អារម្មណ៍ និងយល់ឃើញថា ខ្ញុំបានធ្វើទៅលើប្រពន្ធម្នាក់ ល្អជាងម្នាក់ទៀត ។ នៅពេលខ្ញុំយល់ថាវាមានបញ្ហា ខ្ញុំនឹងធ្វើឲ្យពួកគាត់ទាំងពីរទទួលយកនូវអ្វីៗក្នុងភាពស្មើៗគ្នាឡើងវិញ ។ ពួកយើងធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ គឺវាជារឿងដ៏ល្អបំផុត» ។
Warissara និយាយថា រវាងរូបនាង និង Nattaya ពុំដែលឈ្លោះទាស់ទែងគ្នាឡើយ ។ នាងបន្តថា ប្តីរបស់នាងគឺជាមនុស្សយុត្តិធម៌ម្នាក់ ។ គាត់ក៏យកចិត្តទុក និងខិតខំធ្វើការរកស៊ីចិញ្ចឹមប្រពន្ធកូនផងដែរ ៕