ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យ អ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ ឬកំពុងតែធ្វើការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មើស បបង្ក្រាបបទល្មើស។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាប បទល្មើស ពាក់ព័ន្ធការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រវេសន៍ និងល្បែងស៊ីសងខុសច្បាប់ក្នុងរាជធានីភ្នំពេញ ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក ប្រធាន និងអនុប្រធាន ក្រុមការងារ ដើម្បីទទួលមតិណែនាំល្អ ៗរបស់ឯកឧត្តម ស្នងការ អំពីរបៀបចំផែនការនៃការតាមដាន ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ទីតាំងប្រកបដោយប្រសិទ្ធភាព ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យ អ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ ឬកំពុងតែធ្វើការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មើស បង្ក្រាបបទល្មើស ក៏ដូចជាកំពុងធ្វើការជំនាញសំខាន់ផ្សេងៗទៀត ។ ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ