បន្ទាយមានជ័យ ៖ សមាជិក អង្គឬអ្នកបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់និងសមាជិករដ្ឋសភាទាំងអស់នៃគណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្តបន្ទាយមានជ័យនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រារព្ធក្បួនដង្ហែ និងមីទ្ទីញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ នាដងផ្លូវសំខាន់ៗមួយចំនួននិងក្នុងវេទិកាខេត្តបន្ទាយមានជ័យ ក្នុងក្រុងសិរីសោភ័ណជាប្រជុំជនខេត្ត។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណ:អចិន្ត្រយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបន្ទាយមានជ័យ រួមមាននឹងលោក អ៊ុង អឿន ប្រធានក្រុុមប្រឹក្សាខេត្ត , លោក សួន បវរ. អភិបាលខេត្ត លោក អន ស៊ុំ បេក្ខជនពេញសិទ្ធិ លោកឈើយ ចាន់ណា បេក្ខជនពេញសិទ្ធិ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាប់រយនាក់បានដឹកនាំនិងចូលរួមក្បួនហែបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ ដ៏រីករាយទោះជាមានភ្លៀងកក់ខែរលឹម មេឃមីស្រទុំខ្លះៗក្តី ។
លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានថ្លែងសារនយោបាយសំខាន់ៗទាក់ទិននឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និតិកាលទី៤ និងដំណើរការនៃស្ថាប័នកំពូលជាតិ ក្នុងការដឹកនាំនិងកសាងអភិវឌ្ឍន៍ជាតិ មាតុភូមិនិងប្រជាពលរដ្ឋ។
លោកបានថ្លែងដែរពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាស្របតាមគោលការណ៍ច្បាប់និងតាមបែបលទ្ធិប្រជាធិបតេយ្យ សេរឋិពហុបក្ស ហើយស្ថិតក្នុងបរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៍ ហើយគ្រប់គណបក្សនយោបាយនិងបេក្ខជនបានចូលរួមឈរឈ្មោះអោយអង្គបោះឆ្នោយអសាកល ដើម្បីក្លាយជាតំណាងនៃស្ថាប័ននិតិបញ្ញត្តិនិងបម្រើជាតិ។
លោកបានក្រើនរំលឹកចុងក្រោយអោយអ្នកឬអង្គបោះឆ្នោតដែលជាសមាជិករដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដែលបានប្រមូលផ្តុំស្នាក់នៅទីប្រជុំជនខេត្តហើយនោះ ត្រូវទៅបោះឆ្នោតជូនបេក្ខជននៃគណបក្សប្រជាជនកម្ពុជាអោយបានត្រឹមត្រូវតាមនិតិវិធី ។
លោក ហី គឹមសេង ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យនិយាយថា ៖ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាកន្លងមក គជខបានទទួលនូវការជូនដំណឹងពីការចុះឃោសនារបស់គណបក្សទាំង៣គឺគណបក្សប្រជាជនកម្ពុជា គណបក្សរួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចដែលធ្វើតាមទីស្នាក់ការនិងតាមផ្ទះ។
លុះដល់ថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ គេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជាដែលបានរៀបចំក្បួនដង្ហែនិងមីទ្ទីញជួបជុំធំដែលមានមន្ត្រីថ្នាក់ដឹកនាំមន្ត្រី សមាជិកគណបក្ស ពិសេសបេក្ខជនបានប្រារព្ធឃោសនា ហើយបិទយុទ្ធនាក្រោយអាកាសធាតុភ្លៀងរលឹមផង។
រីឯគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សខ្មែរ រួមរួមជាតិ ដែលត្រូវចូលរួមបោះឆ្នោតអសាកលនេះដែរ ហើយមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នោះ មិនបានហែរក្បួនឬជួបជុំអ្វីឡើយ។
លោកប្រធានគជខនិយាយបន្តថា ៖ សម្រាប់គជខវិញ មកទល់ថ្ងៃនេះបានត្រៀមលក្ខណ:រួចស្តេចហើយក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នៃ២០១៨នេះ ។ ក្នុងនោះបានរៀបចំបណ្តុះបណ្តាលគណ:កម្មការការិយាល័យបោះឆ្នោត ,ភ្នាក់ងារគណបក្សនយោបាយ,អ្នកសង្កេតការណ័ជាតិនិងភាគីពាក់ព័ន្ធ ព្រមទាំងកងកម្លាំងសន្តិសុខការពារក្រោមប្រធានបទ” ការបោះឆ្នោត,ការរាប់សន្លឹកឆ្នោតនិងការបូកសរុបលទ្ធផលបោះឆ្នោត “។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤ នាថ្ងៃអាទិត្យទី២៥កុម្ភ:ឆ្នាំ២០១៨ ខាងមុខនេះ នៅខេត្តបន្ទាយមានជ័យមានការិយាល័យបោះឆ្នោតលេខ៤០០៣ មួយបន្ទប់នៅក្នុងសាលាគរុកោសល្យនិងវិក្រឹត្យការខេត្តបន្ទាយមានជ័យស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។
ទូទាំងខេត្តមានអង្គបោះឆ្នោតអសាកលសរុប៥២១នាក់ ស្រី៩១នាក់ក្នុងនោះជាក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥១៥នាក់ និងសមាជិករដ្ឋសភា៦នាក់ ។ ចំនួននេះ មាន ១-គណបក្សប្រជាជកម្ពុជា មានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំចំនួន៤៧៣នាក់ និងជាសមាជិករដ្ឋសភា ៤រូប ។២-គណបក្សខ្មែររួមរួមជាតិ មានអង្គបោះឆ្នោតចំនួន ៣០នាក់និងគណបក្សហ្វ៊ុនស៊ិនប៉ិច មានសមាជិកក្រុមប្រឹក្សាឃុំ១២នាក់និងសមាជិករដ្ឋសភាបំពេញបន្ថែម២នាក់ ។
សូមបញ្ជាក់ដែរថា ក្នុងការបោះឆ្នោតអសាកលជ្រើសតាំងព្រឹទ្ធសភាអាណត្តិទី៤ ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានចែកមណ្ឌលព្រឹទ្ធសភាជា៨ភូមិភាគព្រឹទ្ធសភា ។ក្នុងនោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាបនិងឧត្តរមានជ័យស្ថិតក្នុងភូមិភាគ៤ ហើយមានអាសន:សមាជិកព្រឹទ្ធសភាចំនួន ១០អាសន: និងមានអង្គបោះឆ្នោតសរុប២.២២៣នាក់៕ ដោយ ៖ បន្ទាយ