ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអោយដឹងថា កំពុងកសាងសំណុំរឿង យុវជនម្នាក់ ដែលជាប់សង្ស័យ ប៉ុនប៉ងរំលោភផ្លូវភេទ អនីតិជនម្នាក់ទៅកាន់សាលាដំបូងខេត្តនេះ ដើម្បីបន្តនីតិវិធីច្បាប់។
នគរបាល ស្រុកព្រៃនប់ បានអោយដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង ៣ ជិតភ្លឺ មានករណីប៉ុនប៉ងចាប់រំលោភសេពសន្ធវៈ ១កើតឡើង បង្កដោយជនសង្ស័យឈ្មោះ ឡា ហៃ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បញ្ញាក់ថា ជនសង្ស័យរូបនេះបានហែកដែកចំរឹងបង្អួចចូលបន្ទប់ដេក របស់ជនរងគ្រោះឈ្មោះ អ.ចភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅចំណុចកើតហេតុ ស្ថិតក្នុភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ប៉ុន្ដែនាងភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកឆោរឡោឡើង ទើបជនសង្ស័យរូបនេះ បានរត់គេចខ្លួនតាមប្រហោងចំរឹងបង្អួច ដែលបានហែកនោះ ប៉ុន្ដែក្រោយមកត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង របស់អាណាព្យាបាលស្ត្រីរងគ្រោះ។
តាមចម្លើយសារភាព របស់ជនសង្ស័យ បានអោយដឹងថាការដែលខ្លួនបានហែកចំរឹងបង្អួចចូលបន្ទប់ របស់ជនរងគ្រោះក្នុងគោលបំណងសុំនាងរួមភេទ ប៉ុន្តែត្រូវនាងស្រែកឆោរឡោឡើង ទើបជនសង្ស័យភ័យរត់ចេញមកខាងក្រៅបន្ទប់វិញ។ ករណីនេះនគរបាលកំពុងបន្តនីតិវិធី បញ្ជូនសំណុំរឿងចាប់រំលោភនេះ ដើម្បីដាក់ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ អនុវត្តនីតិវិធីបន្ត៕ ដោយ ៖ សុធារី