ភ្នំពេញ នៅព្រឹកទី២៥ ខែមករា ឆ្នាំ២០២១ តុលាការក្រុងភ្នំពេញ បានដឹកនាំកងកម្លាំងសមត្ថកិច្ចចុះទៅរឹបអូសរថយន្ដរបស់ក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ចំនួន ៥៤គ្រឿង ដែលទិញបង់រំលស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក យកទៅប្រគល់ជូនទៅក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ទាំងអស់ ដោយសារតែក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើររំលោភកិច្ចសន្យាទិញលក់ ព្រោះគ្មានលទ្ធភាពបង់រំលស់ឲ្យទៅក្រុមហ៊ុន រីណិត ជប៉ុន ។ ការចុះរឹបអូសនេះ ធ្វើឡើងនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ២១៧ (ផ្លូវចំការដូង) ភូមិជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាសម្រេចរក្សាការពារ ដែលចេញដោយលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
ម្ចាស់បំណុល ៖ ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក តំណាងដោយឈ្មោះ ព្រាប ឧត្តម ដែលមានអាសយដ្ឋានចុះបញ្ជីស្ថិតនៅ លេខ ៩០E, Eo E៣ ផ្លូវលេខ Nw ១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអាសយដ្ឋាន បច្ចុប្បន្នស្ថិតនៅផ្ទះលេខ ២៦ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកតំណាងដោយអាណត្តិឱ្យម្ចាស់បំណុល៖ មេធាវី សេង ឈុនលី និងលោកមេធាវី ថន យូសៀង មានការិយាល័យ នៅក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ អាសយដ្ឋានស្ថិតនៅអគារ ៨៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សហកូនបំណុល ៖ ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស កើតថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នទៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ និង ប្រពន្ធឈ្មោះ ឃឹម ចិន្តា ភេទស្រី កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
ក្រុមហ៊ុន ចិន្តា សុវណ្ណ ត្រេនស្ពត ឯ.ក មានអាសយដ្ឋាននៅមហោស្របចេនឡា ផ្លូវម៉ៅសេទុង កែងផ្លូវមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវត្ថុ៖ ស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារដែលមានខ្លឹមសារដូចខាងក្រោម ៖ ១. បង្គាប់ឱ្យសហកូនបំណុលឈ្មោះ ជុំ សុវណ្ណ ឈ្មោះ យីម ចិន្តា និងក្រុមហ៊ុន ចិន្តា សុវណ្ណ ត្រេនស្ត័ត ឯ.ក និងតតិយជន ប្រគល់ឱ្យម្ចាស់បំណុល ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក តំណាងដោយឈ្មោះ ព្រាប ឧត្តម ដែលនូវរថយន្តចំនួន ៥០ (ហាសិប) គ្រឿង ដែលមានអត្តសញ្ញាណដូចមានភ្ជាប់ជូនក្នុងឧបស័ម្ពន្ធស្តីពីអត្តសញ្ញាណរថយន្ត ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
លោក ជុំ សុវណ្ណ ប្រធានក្រុមហ៊ុន ចិន្ដា សុវណ្ណ ដឹកអ្នកដំណើរ ចាត់ទុកថាទង្វើរបស់ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក (លក់រថយន្ដបង់រំលស់) ដែលបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរឹបអូស យករថយន្ដចំនួន ៥៤គ្រឿង ដែលគាត់បានទិញរំលស់យកទៅវិញ ដោយមិនបានយោគយល់ក្នុងសម័យកាលកូវីដ គឺជារឿងអយុត្តិធម៌ និងគួរឱ្យសោកស្ដាយបំផុត ។
លោក ជុំ សុវណ្ណ បានរៀបរាប់ថា នៅអំឡុងចុងឆ្នាំ២០១៨ ខ្លួនបានទិញរំលស់រថយន្ដប្រភេទទេសចរណ៍ ១៥កៅអី, ២៥កៅអី និង៤៥កៅអី ចំនួន ៥៤គ្រឿង ពីក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ក្នុងតម្លៃសរុប ១,៧០០,៩៧៨.១៥ដុល្លារ។ នៅក្នុងលក្ខខណ្ឌទិញរំលស់រថយន្ដទាំង ៥៤គ្រឿងនោះ លោក ជុំ សុវណ្ណ បានបង់ប្រាក់កក់ចំនួន២០ភាគរយ សរុបប្រមាណជាជាង ៥០០,០០០ដុល្លារ និងបានបង់ប្រាក់ដើមរំលស់ និងការប្រាក់ជាបន្ដបន្ទាប់រហូតមកពុំដែលអាក់ខាននោះទេ ដែលសរុបប្រមាណជាជិត ៥០០,០០០ដុល្លារបន្ថែមទៀត សរុបទាំងអស់ជិត ១,០០០,០០០ដុល្លារ។ លុះដល់ដើម្បឆ្នាំ២០២០ ដោយសារតែពិភពលោក និងកម្ពុជា ជួបប្រទះបញ្ហា ដោយសារវិបត្តិកូវីដក្រុមហ៊ុន ចិន្ដា សុវណ្ណា ក៏ទទួលរងឥទ្ធិពលអាក្រក់នេះ និងពុំអាចប្រតិបត្តិការអាជីវកម្មបាន និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការពារការឆ្លងរីករាលដាលរបស់ជំងឺកូវីដ ទើបពុំមានប្រាក់ចំណូល ពោលគឺត្រូវបញ្ឈរថយន្ដចោលដោយគ្មានប្រាក់ចំណូល ប៉ុន្តែត្រូវចិញ្ចឹមបុគ្គលិកជិត ២០០នាក់រាល់ថ្ងៃ ទើបពុំអាចមានលទ្ធភាពបង់ប្រាក់ដើមរំលស់ និងការប្រាក់ជូនម្ចាស់បំណុលតាមពេលកំណត់។ នៅក្នុងអំឡុងពេលវិបត្តិកូវីដ ដែលអូសបន្លាយជាច្រើនខែនោះ លោកព្យាយាមសុំការយោគយល់ពីម្ចាស់បំណុល និងសុំប្រគល់រថយន្ដខ្លះត្រឡប់ទៅវិញដើម្បីកាត់រំលស់បំណុល ប៉ុន្តែភាគីម្ចាស់បំណុលមិនយល់ព្រម។ លុះដល់ព្រឹកទី២៥ ខែមករា ឆ្នាំ២០២១ តុលាការ ចុះទៅរឹបអូសរថយន្ដរបស់ក្រុមហ៊ុនលោកដែលទិញរំលស់នោះ ប្រគល់ជូនទៅក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ទាំងអស់។ ការចុះរឹបអូសនេះ ធ្វើឡើងនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ២១៧ (ផ្លូវចំការដូង) ភូមិជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ជុំ សុវណ្ណ បានទទួលស្គាល់ថា ពិតជាពុំមានលទ្ធភាពបង់ប្រាក់ដើមរំលស់ និងការប្រាក់ជូនម្ចាស់បំណុលជាច្រើនខែមែន ប៉ុន្តែមិនមែនលោកមិនចង់បង់នោះទេគឺដោយសារតែវិបត្តិកូវីដ រដ្ឋាភិបាលផ្អាកសកម្មភាពវិស័យទេសចរណ៍ និងគ្មានអ្នកធ្វើដំណើរតាមរថយន្ដក្រុងនោះទេ ម្យ៉ាងលោកត្រូវចិញ្ចឹមបុគ្គលិកជិត ២០០នាក់។
លោក ជុំ សុវណ្ណ ប្រធានក្រុមហ៊ុន ចិន្ដា សុវណ្ណ ថ្លែងថា បើម្ចាស់បំណុល និងតុលាការរឹបអូសយករថយន្ដទាំង ៥៤គ្រឿងនោះទៅវិញ ក៏គួរតែផ្ដល់ប្រាក់កក់មុន និងប្រាក់បង់រំសល់ដើមតម្លៃឡានមកលោកវិញខ្លះ ទើបយុត្តិធម៌ ប៉ុន្តែផ្ទុយទៅវិញ បែរជាយកទាំងឡាន យកទាំងលុយទាំងអស់ អស់រលីង បើលុយក៏អស់ ឡានក៏គេយកទៅវិញទទេបែបនេះ។ តើវិស័យឯកជនដែលកំពុងរងគ្រោះព្រោះកូវីដ១៩ផង និងរងគ្រោះព្រោះម្ចាស់បំណុលផងអាចមានជីវិតរស់ទៅមុខទៀតបានទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ