ភ្នំពេញ៖ វិទ្យាស្ថានជាតិ NIPTICT បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់ លើកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍ រោងជាងឌីជីថល ជាមួយ ក្រុមហ៊ុន Bosch (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុក របស់ក្រុមហ៊ុនអេឡិចត្រូនិកនិងវិស្វកម្ម ឈានមុខគេ របស់ប្រទេសអាល្លឺម៉ង់ Bosch Group។
ពិធីចុះហត្ថលេខា នេះត្រូវបានធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និង លោក ហៃ ភិរម្យ អគ្គនាយក នៃក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។
តាមរយៈអនុស្សារណៈនេះ នឹងអនុញ្ញាតិអោយវិទ្យាស្ថានជាតិ NITPICT និងក្រុមហ៊ុន រ៉ូប៊ើត ប៉ូស្ស (ខេមបូឌា) ខូ អិលធីឌី សហការគ្នា រួមជាមួយក្រុមហ៊ុន ArrowDot ដែលជាដៃគូអភិវឌ្ឍន៍របស់វិទ្យាស្ថានជាតិ NIPTICT ដើម្បីចូលរួមអភិវឌ្ឍន៍ រោងជាងឌីជីថល (Digital Makerspace) ក្នុងមជ្ឍមណ្ឌលនវានុវត្តន៍ឌីជីថល និងលើសកម្មភាពកម្មវិធីមួយចំនួនដូចជា៖
● ការអភិវឌ្ឍ រោងជាងឌីជីថល នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល
● ការអប់រំបណ្តុះបណ្តាលបច្ចេកទេស លើឧបករណ៍និងបច្ចេកវិទ្យារបស់ BOSCH សម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងអ្នកជំនួយការបច្ចេកទេស
● កិច្ចសហប្រតិបត្តិការជម្រុញធនធានមនុស្ស និងនិស្សិតហាត់ការលើវិស័យបច្ចេកវិទ្យា
● ការចូលរួមនិងរៀបចំសិក្ខាសាលាបច្ចេកវិទ្យារួមគ្នា
ឯកឧត្តមបណ្ឌិត សេង សុភាព បានមានប្រសាសន៍ថា “អនុស្សារណៈនេះ ពិតជាមានសារសំខាន់ណាស់ព្រោះវាជាការបើកផ្លូវ អោយនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានជាតិ NIPTICT ទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយ ឧបករណ៍ និងបច្ចេកវិទ្យារបស់ BOSCH បន្ថែមទៀតជាមួយនឹងការរីកចម្រើនខ្លាំង ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។”
លោក ហៃ ភិរម្យ អគ្គនាយក នៃក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានថ្លែងក្នុងពិធីនេះថា “ក្រៅពីការ ប្ដេជ្ញាក្នុងការអភិវិឌ្ឍន៍បច្ចេកវិទ្យាថ្មីៗដែលជួយឲ្យជីវិតកាន់តែប្រសើរ Bosch ក៏មានគោលដៅចម្បងមួយ ក្នុងការចូលរួមជួយ លើកស្ទួយនិងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកទេស។ ការសហការជាមួយវិទ្យាស្ថានជាតិ NIPTICT និង ក្រុមហ៊ុន ArrowDot ពិតជាមានសារៈសំខាន់ក្នុងការរួមគ្នា ជួយបណ្តុះបណ្តាលវិជ្ជាជិវៈជំនាញផ្នែកបច្ចេកវិទ្យាទំនើប ដើម្បី រួមចំណែក ត្រៀមធនធានមនុស្សរបស់ប្រទេសកម្ពុជាយើងសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។”
វិទ្យាស្ថានជាតិ NIPTICT គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ឯកទេស ទូរគមនាគមន៍ (Telecoms) និងពាណិជ្ជកម្ម អេឡិចត្រូនិក (e-Commerce) ដំបូងបង្អស់នៅកម្ពុជា ដែលបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ NIPTICT ផ្ដល់ការបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក ថ្នាក់បរិញ្ញាបត្រទូរគមនាគមន៍និងបណ្ដាញ និងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ដែលជាជំនាញមានតម្រូវការទីផ្សារខ្ពស់ នាសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤។ វិទ្យាស្ថានជាតិ NIPTICT ក៏ជាគ្រឹះស្ថានស្រាវជ្រាវ និងលើកកម្ពស់គំនិតច្នៃប្រឌិត និងភាពជា សហគ្រិន ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលផងដែរ៕
រក្សាសិទ្ធិដោយ៖CEN