កោះកុង៖ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលរំលោភសម្លាប់នារីម្នាក់។ ករណីរំលោភសន្ថវៈ និងសម្លាប់នារីម្នាក់ កើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
លោកវរសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង គូសបញ្ជាក់នៅព្រឹកថ្ងៃទី២៦ មករា ២០២១ថា សមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ ចំណាយពេលអស់ជាង៣០ម៉ោងទើបចាប់ឃាត់ជនសង្ស័យបាន។ ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅ ហ៊ីម សាអាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាកម្មកររោងចក្រKKN1 រស់នៅបន្ទប់ជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។ រីឯស្ត្រីជនរងគ្រោះឈ្មោះ ឆ.ស.វ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រKKN4 ទីកន្លែងកំណើត នៅស្រុកបូទុមសាគរ។
លោកវរសេនីយ៍ឯក បន្តថា ជនរងគ្រោះស្គាល់ជនសង្ស័យតាមរយៈហ្វេសប៊ុករយៈពេលមួយខែមកហើយ លុះល្ងាចថ្ងៃទី២៣ មករា កន្លងទៅ នារីរងគ្រោះនឹកកូនប្រុសអាយុ២ឆ្នាំ នៅឃុំអណ្តូងទឹកដោយចង់ទៅលេង ព្រោះស្អែកជាអាទិត្យឈប់សម្រាកពីការងារ។ តាមចម្លើយសារភាពជនសង្ស័យ ពេលដឹងបែបនេះ ជនសង្ស័យក៏ធ្វើស្ម័គ្រចិត្តឌុបជូននាងទៅ ដោយចាប់ផ្តើមធ្វើដំណើរចេញពីផ្ទះជួលពីតំបន់សេដ្ឋកិច្ចពិសេសកោះកុងម៉ោង៥ល្ងាច លុះដល់ចំណោតដីខ្មៅក៏ជនសង្ស័យសកម្មភាពរំលោភ ច្របាច់ក វាយទៅលើផ្ទៃមុខនារីរងគ្រោះ រួចហើយយកអាវចងកអូសទៅផ្លុងចោលក្នុងព្រៃតែម្តង។
ក្រោយការផ្តល់ព័ត៌មានពីសាច់ញាតិជនរងគ្រោះ និងបទបញ្ជាស៊ើបអង្កេតតាមដានរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក្រុមសមត្ថកិច្ច ក៏ចុះឃាត់ខ្លួជនសង្ស័យបានសម្រេច កាលពីរសៀលថ្ងៃទី២៥ មករា នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត។
វត្ថុតាងដកហូតមានម៉ូតូ ZoomerX ២០១៩ ពណ៌ក្រហម គ្មានផ្លាកលេខ ម៉ូតូ២គ្រឿង ថវិកា៤ម៉ឺនរៀល។ ជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ចូនទៅអនុវត្តនីតិវិធីតុលាការ នៅម៉ោង២រសៀលថ្ងៃទី២៦ មករា ២០២១នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ