ភ្នំពេញ ៖ ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះនៅគល់ស្ពានព្រែកសំរោងក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានចាប់ខ្លួន បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន បទ រំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ ២០២១។ ការចាប់ខ្លួនជនសង្ស័យ ដោយសារឈ្មោះ ឡុង ហ្វីលីប គេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ ព្រះរាជអាជ្ញាអមតុលាការ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅក្នុងភូមិបោះអង្កាញ់ ផ្លូវលេខ១១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុន ឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួន បានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែលបញ្ជាទិញពីឌូបៃនាំចូល មកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន ៣ ម៉ឺនដុល្លារទៀតដោយការខ្ចីម្ដងៗខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដី ដើម្បីធានាលើបំណុល។ ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន ៤៨ ០០០ ដុល្លារ លើរថយន្ត១២គ្រឿងដែលនាំចូលមានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តឡិចស៊ីស ។ បន្ទាប់មកខ្លួនបានលក់រថយន្តទាំងនោះ ឲ្យក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលា ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃ ៕ រក្សាសិទ្ទិដោយ៖បញ្ញាស័ក្តិ