ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និង យោគយល់អធ្យាស្រ័យ នៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះ ដោយក្តីអនុគ្រោះ។
ស្ពានព្រះមុនីវង្ស គឺជាស្ពានមួយនៅភ្នំពេញដែលមានចរាចរណ៍មមាញឹក។ ស្ពាននេះតភ្ជាប់ច្រាំងខាងលិច ដែលជាចុងបញ្ចប់នៃផ្លូវជាតិលេខ២ ឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ច្រាំងខាងកើតដែលមានផ្លូវជាតិលេខ១ ជាច្រកឆ្ពោះទៅខេត្តមួយចំនួននៃភាគខាងកើតប្រទេស ក៏ដូចជាទៅកាន់ប្រទេសវៀតណាម។
ស្ពានព្រះមុនីវង្សពីមុនមានឈ្មោះថា Gustave Eiffel ដែលប្រជារាស្ត្រខ្មែរយើងសម័យមុន មានឈ្មោះ ស្ពានជ្រោយអោក បានកសាងពីឆ្នាំ១៩២៨ លុះមកដល់ឆ្នាំ១៩៦៤ មានការទ្រុឌទ្រោមយ៉ាងខ្លាំង។ ស្ពាននោះត្រូវសាងសង់ជាថ្មីឡើងវិញ រួចប្រារព្ធធ្វើពិធីសម្ពោធនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ