ស្ត្រីជនជាតិកាណាដាម្នាក់ បានឈ្នះឆ្នោត Jackpot Lotto Max ដែលមានទឹកប្រាក់កប់ពពករហូតដល់ទៅ ៦០ លានដុល្លារ តាមរយៈលេខ ដែលស្វាមីរបស់នាងបានយល់សប្តិកាលពី ២០ ឆ្នាំមុន។
យោងតាមក្រុមហ៊ុនឆ្នោតនិងហ្គេមអូតានីអូ (អូអិលជី) បានបញ្ចេញឲ្យដឹងកាលពីថ្ងៃច័ន្ទ ថា អ្នកស្រី Deng Pravatoudom អាយុ ៥៧ ឆ្នាំ បានលេងឆ្នោតអស់រយៈពេល២សវត្សរ៍មកហើយ ដោយតាមចាក់ស៊េរីលេខដដែលៗ ដែលប្តីរបស់នាងបានយល់សប្តិកាលពី ២០ ឆ្នាំមុន។ ហើយកាលពីខែធ្នូ ការព្យាយាមតស៊ូរបស់អ្នកស្រីបានក្លាយជាការពិត ដោយចាក់លេខទាំងនោះត្រូវចំកៅឪ ដែលមានទឹកប្រាក់ចំនួន ៦០ លានដុល្លារ។
កាលពីថ្ងៃទី១ ខែធ្នូ ស្រីកូនពីររូបនេះ ដែលត្រូវបានបញ្ឈប់ពីការងារ ក្នុងអំឡុងផ្ទុះវីរុសកូវីដ១៩ បានទៅធនាគារ ដើម្បីបង់វិក័យប័ត្រមួយចំនួន ខណៈប្តីរបស់អ្នកស្រីឆែកមើលសំបុត្រឆ្នោត។ ហើយនៅពេលពួកគេបានវិលត្រឡប់មកឡានវិញ ប្តីរបស់អ្នកស្រីបានប្រាប់ថា ពួកគេឈ្នះឆ្នោត ៦០ លានដុល្លារ ដែលធ្វើឲ្យអ្នកស្រីរន្ធត់ចិត្តស្ទើរគាំងតែម្តង។
អ្នកស្រី Pravatoudom បាននិយាយយ៉ាងភើបចិត្តសឹងរកពាក្យថ្លែង ក្នុងពិធីអបអរនិមិត្តរូប ដែលជាកន្លែងអ្នកស្រីត្រូវបានប្រគល់ជូនទឹកប្រាក់ឆ្នោតដ៏មហាធំធេង យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់! ខ្ញុំកំពុងយំជាប់រហូត ព្រោះវាជាលើកទី១ក្នុងជីវិតដែលខ្ញុំសឹងមិនគួរឲ្យជឿ។ ខ្ញុំនឹងទិញផ្ទះមួយ បន្ទាប់ពី Covid-19 ហើយខ្ញុំនឹងធ្វើដំណើរជុំវិញពិភពលោក»។
អ្នកស្រីបាននិយាយថា អស់រយៈពេលជាច្រើនទសវត្សមកហើយ ដែលអ្នកស្រី និងស្វាមី បានខិតខំធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។ អ្នកស្រីបន្តថា “គ្រួសាររបស់ខ្ញុំត្រូវបានឧបត្ថម្ភដោយព្រះវិហារក្នុងតំបន់ ដោយសារតែពួកយើងគ្មានអ្វីៗ ខ្ញុំសូមអរគុណចំពោះការគាំទ្រដ៏អស្ចារ្យ ដែលពួកគេបានផ្តល់ដល់ពួកយើង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ប្តីខ្ញុំនិងខ្ញុំបានធ្វើការច្រើនម៉ោងជាកម្មករចម្រុះ អស់រយៈពេលជាង ៤០ ឆ្នាំហើយ ដោយព្យាយាមសន្សំអ្វីដែលពួកយើងអាចធ្វើបាន សម្រាប់គ្រួសាររបស់ពួកយើង”។
ទន្ទឹមនឹងការទិញគ្រឿងអលង្កាត្បូងពេជ្រសម្រាប់ខ្លួនឯង អ្នកស្រី Pravatoudom និងស្វាមី នឹងធានាចេញវិក្កយបត្រទាំងអស់ និងជួយកូនៗរបស់ពួកគេ ដែលអ្នកស្រីនិយាយថា ពួកគេពិតជាមានមោទនភាព និងអារម្មណ៍រីករាយចំពោះឪពុកម្តាយរបស់ពួកគេខ្លាំងណាស់។
អ្នកស្រី Pravatoudom បាននិយាយថា “កូនៗរបស់អ្នកស្រីបាននិយាយថា “ម៉ាក់និងប៉ា អ្នកទាំងពីរបានខិតខំអស់រយៈពេល ៤០ ឆ្នាំហើយៗ បានលះបង់ជាច្រើនហើយ ដូច្នេះអ្នកទាំងពីរសមនឹងទទួលបានសុភមង្គលមួយនេះ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង