ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសឥណ្ឌាមិនគ្រាន់តែចាត់ទុកប្រទេសកម្ពុជា ជាអ្នកជិតខាងល្អប៉ុណ្ណោះទេ គឺចាត់ទុកប្រទេសកម្ពុជាជាគ្រួសារតែមួយ ពីព្រោះថាប្រទេសទាំងពីរមានអរិយ្យធម៌ វប្បធម៌ សាសនា និងប្រពៃណីប្រហាក់ប្រហែលគ្នាតាំងពីយូលង់ណាស់មកហើយ។ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឈរគៀកស្មាគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនាពេលកន្លងទៅ។ ប្រទសឥណ្ឌា គឺជាប្រទេសទីមួយដែលបានជួយជួសជុលប្រាសាទអង្គរវត្តឡើងវិញនៅឆ្នាំ១៩៨៦។ ក្នុងពេលនោះនៅតំបន់អង្គរវត្តមិនទាន់មានសុវត្តិភាពនៅឡើយទេ ដោយសារតែពេលនោះនៅមានការរំខានវាយប្រហារពីកងកំលាំងរបស់ខ្មែរក្រហមនៅឡើយ។
លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាគឺជាដៃគូដ៏សំខាន់របស់សាធារណរដ្ឋឥណ្ឌា ជាមិត្តភ័ក្តិ និងដៃគូដ៏ល្អរឹងមាំក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសស្របតាមគោលនយោបាយទិសបូព៌របស់សាធារណរដ្ឋឥណ្ឌា។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងជ្រាលជ្រៅរបស់ប្រទេសកម្ពុជា ដោយគ្មានលក្ខខណ្ឌចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរនូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ក៏ដូចជាក្របខ័ណ្ឌពហុភាគីផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ចំពោះបេសកកម្មការទូតរបស់លោកជំទាវ ដើម្បីឱ្យសម្រេចបាននូវគោលដៅ និងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃរវាងប្រជាជន ខាងសេដ្ឋកិច្ច និងការផ្សាភ្ជាប់ក្នុងវិស័យឌីជីថលនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត។ ប្រទេសឥណ្ឌាចង់ឱ្យមានការហោះហើរត្រង់ពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលស្វែងរកការព្យាលបាលជំងឺនៅសាធារណរដ្ឋឥណ្ឌា។ ជាងនេះទៅទៀត ជាការបង្កឱកាសឱ្យប្រជាជនឥណ្ឌាបានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងបានឃើញវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ប្រទេសកម្ពុជា ដែលមានទំនាក់ទំនងរវាងគ្នាជាយូលង់ណាស់មកហើយ។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍គឺជាវិស័យមួយដែលផ្តល់ប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ហើយវិស័យនេះក៏បានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានស្នើសុំការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាព្រឹទ្ធសភានៃព្រះរាជា-ណាកម្ពុជា លើគម្រោងវិនិយោគរបស់សាធារណរដ្ឋឥណ្ឌាលើវិស័យសុខាភិបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាតែងតែជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឱ្យក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា ក្នុងការពង្រឹងសមត្ថភាពលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញផ្សេងៗទៀត។ ព្រមជាមួយគ្នានេះ ក៏មានកម្មវិធីបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាសម្រាប់មន្ត្រីរាជការនៃសភាកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវការងារសភានៅប្រទេសឥណ្ឌាផងដែរ។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ដែលត្រូវបានរដ្ឋាភិ-បាលនៃសាធារណរដ្ឋឥណ្ឌា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរជាមួយនឹងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិខួបលើកទី៧២ និងសូមប្រសិទ្ធពរជូនប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា មានវឌ្ឍនភាព និងវិបុលភាព។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរ និងអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌា ដែលទទួលបានជោគជ័យក្នុងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលជាក្តីសង្ឃឹមសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាមនុស្សជាតិទាំងអស់។ សម្តេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសឥណ្ឌាក៏ដូចជាពិភពលោកទាំងមូលនឹងយកឈ្នះលើវីរុសកូវីដ-១៩ជាក់ជាពុំខាន។
សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា មានប្រវត្តិសាស្ត្រទំនាក់ទំនងប្រពៃណី មិត្តភាពតាំងពីយូរលង់មកហើយ ហើយបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២ នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអណានិគមនិយមបារាំង។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ទំនាក់ទំនងការទូតនេះត្រូវកាត់ផ្តាច់មួយរយៈ ហើយត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញក្នុងឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។ ព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា ក្នុងបុព្វហេតុឯករាជ្យជាតិនៅឆ្នាំ១៩៥៣ ហើយចាប់ពីឆ្នាំ១៩៩៨១មក ប្រទេសកម្ពុជាតែងតែបានទទួលនូវជំនួយឥតសំណង ជំនួយកម្ចីសម្បទាន វប្បធម៌ អរិយធម៌ សាសនា បចេ្ចកទេស ការអភិវឌ្ឍធនធានមនុស្ស និងជំនួយខាងសង្គមជាច្រើនទៀត។ ព្រមជាមួយនេះ ប្រទេសទាំងពីរក៏បានជំរុញនូវការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមក ដែលបានរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានមុខមាត់ថ្មីដូចពេលបច្ចុប្បន្ននេះ។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលឥណ្ឌាដែលតែងតែបានជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់ប្រទេសកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត សម្តេចសង្ឃឹមថាលោកជំទាវនឹងបន្តជួយជំរុញនូវការវិនិយោគទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជាជនឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀតបន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សារណៈយោគយល់គ្នា ហើយបន្ទាប់ពីឯកសារទាំងនេះត្រូវបានផ្តល់សច្ចាប័នរួចហើយ ព្រឹទ្ធសភានៅតែលើកទឹកចិត្ត និងគាំទ្រឱ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរអនុវត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងតែរៀបចំនូវកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុស្សារណៈយោគយល់គ្នាមួយចំនួន និងកំពុងតែពិភាក្សាគ្នាយ៉ាងមមាញឹក ហើយព្រឹទ្ធសភានឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការចុះហត្ថលេខាលើសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សារណៈទាំងអស់នោះរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ព្រមទាំងត្រៀមខ្លួនដើម្បីចូលរួមផ្តល់យោបល់ អនុម័តផ្តល់សច្ចាប័នសម្រាប់ឱ្យប្រទេសទាំងពីរយកទៅអនុវត្ត សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិផង និងជាមូលដ្ឋានក្នុងការរួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងនៅក្នុងតំបន់ និងអន្តរជាតិផង។
សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះប្រសាសន៍របស់លោកជំទាវឯកអគ្គរដ្ឋទូត ទាក់ទងនឹងការ វិនិយោគលើវិស័យសុខាភិបាល ក៏ដូចជាលើវិស័យផ្សេងៗទៀត ហើយសម្តេចនឹងគាំទ្រទាំងស្រុងចំពោះគោលដៅនៃការវិនិយោគទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា នាពេលកន្លងទៅនេះ ព្រឹទ្ធសភានៃប្រទេសទាំងពីរបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរលូន និងមានប្រសិទ្ធភាព។ ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤នេះ បានចាត់តាំងឱ្យមានក្រុមមិត្តភាពទ្វេរភាគីជាមួយនឹងព្រឹទ្ធសភាឥណ្ឌារួចហើយ។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់ស្ថានឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលឥណ្ឌា ដែលបានជួយលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលខ្លី មធ្យម ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទៅរៀននៅសាធារណរដ្ឋឥណ្ឌា ដែលគិតចាប់តាំងពីឆ្នាំ២០១២មក គឺមានចំនួន១២៤នាក់ ហើយព្រឹទ្ធសភាឥណ្ឌាបានបញ្ជូនអ្នកជំនាញផ្នែកស្រាវជ្រាវមកជួយបណ្តុះបណ្តាលមន្ត្រីអគ្គលេខា- ធិការដ្ឋានព្រឹទ្ធសភានៅភ្នំពេញ។ លើសពីនេះ ស្ថានទូតឥណ្ឌាបានបង្កើនចំណងមិត្តភាពជាមួយមន្ត្រីសភាតាម រយៈការរៀបចំកម្មវិធីហាត់យោហ្គា (Yoga) នៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួន នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌាប្រចាំព្រះរាណាចក្រកម្ពុជា ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌា ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ដោយសេចក្តីគោរព និងនឹករលឹក៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ