ប្រិយមិត្តអ្នកលេងហ្វេសប៊ុក បានបង្ហាញការហួសចិត្តជាខ្លាំង ចំពោះប្តីប្រពន្ធ២នាក់ ដែលបានបើករថយន្តដឹកទុយោដាក់ទាំងទទឹងទិស លយចេញពីរថយន្តម្ខាងៗសឹងមួយម៉ែត្រ ហើយនៅពេលសមត្ថកិច្ចហៅឃាត់ ស្រាប់តែស្រែកខ្លាំងៗសួរថា តើហៅឃាត់ហ្នឹងខុសរឿងអ្វី? ដែលបង្កឲ្យមានការរិះគន់កក្រើកពេញហ្វេសប៊ុកតែម្តង។
ជាមួយនឹងទង្វើមិនទទួលខុសត្រូវ និងពុំដឹងថាខ្លួនខុសរបស់ប្តីប្រពន្ធនេះផងដែរ ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Ly Sovanduong បានបង្ហោះវីដេអូជាក់ស្តែង និងសរសេរដាក់ឲ្យធ្ងន់ៗថា៖ «សូមជួយឲ្យយោបល់ផង តើប៉ូលិសខុស ឬអ្នកឡានខុស!? បើកឡានដឹកទុយោទាំងបែបទទឹងទិសប៉ុណ្ណឹងហើយ! នៅហ៊ានស្រែកជំទាលទាំងប្ដីទាំងប្រពន្ធសួរទៅមន្ត្រីប៉ូលិសថា តើខ្ញុំខុសអី?ទៀត! គំនិតខ្ញុំ ប៉ូលិសគាត់ហៅនឹងត្រឹមត្រូវណាស់ ការដឹកបែបនឹង បង្កហានិភ័យខ្លាំងណាស់ ព្រោះដាក់ទុយោទទឹងអ៊ីចឹង បើបើកប៉ះ ឬកៀរគេទៅ មិនបង្កគ្រោះថ្នាក់ដល់ជីវិតគេឯងមិនខាន»។
ជុំវិញរឿងផ្ទុះការរិះគន់ឡើងកក្រើកនេះផងដែរ ឯកឧត្តម ស សុខា ក៏បានចូលរួមបញ្ចេញមតិ លើកឡើងពីផ្លូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យប្តីប្រពន្ធនោះបានយល់ និងក៏ដូចប្រជាពលរដ្ឋជាអ្នកប្រើប្រាស់យានយន្តគ្រប់រូបបានជ្រាបយ៉ាងដូច្នេះថា៖ «តើម្ចាស់រថយន្តខុស ឬនគរបាល ឃាត់រថយន្តដឹកទុយោទទឹងទិស ខុស? ………. ខ្ញុំយល់ដូចមហាជនទូទៅដែរថា ការដឹកជញ្ជូនបែបនេះ គឺខុសបច្ចេកទេស ប៉ះពាល់សណ្ដាប់ចរាចរណ៍ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀត។
ខ្ញុំមិនកាន់ជើងសមត្ថកិច្ចនោះទេ។ មែនទែនទៅ ការដឹកទំនិញសំពីងសំពោង ឬលយមុខក្រោយឆ្វេងស្ដាំលើសប្រវែងដែលច្បាប់កំណត់ត្រូវពិន័យជាប្រាក់ទៀតផង។ ក្រៅពីនេះ ក៏អាចតម្រូវឲ្យទម្លាក់ទំនិញ វត្ថុ ឬសម្ភារៈផ្ទុកនោះថែមទៀត។
ចំពោះករណីនេះ រថយន្តខាងលើបានបើកបរល្មើសនឹងការផ្ទុកទំនិញ ដែលមានចែងក្នុងច្បាប់ស្តីពីចររាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៦ ចំណុចទី៣ ដោយត្រូវរងការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក មាត្រា ៧ ចំណុច ៣-ត ចំនួន និង ១៥០,០០០រៀល ចំពោះរថយន្តធុនស្រាលចំនួន ៣០០,០០០រៀល ចំពោះរថយន្តធុនធ្ងន់ ។
ទាញចេញពីករណីនេះ ខ្ញុំសង្ឃឹមថា បងប្អូនអ្នកប្រើប្រាស់យានអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឈ្វេងយល់នូវផលប៉ះពាល់នានា មុននឹងដឹកឬមុននឹងធ្វើចរាចរណ៍ ជាពិសេស សូមចូលរួមយល់ដឹង និងអនុវត្តច្បាប់ចររាចរណ៍ទាំងអស់គ្នា ដលម្បីសណ្ដាប់ធ្នាប់តាមដងផ្លូវបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង